(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ យាងទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយសប្តាហ៍ ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ។
ក្នុងព្រះរាជសារផ្ញើជូនដល់ជនរួមជាតិ, ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលឱ្យដឹងថា ក្នុងឱកាសដែលព្រះអង្គគង់ប្រថាប់នៅក្រៅប្រទេសនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយក្នុងព្រះបរមនាមរបស់ព្រះអង្គ ជាប្រមុខរដ្ឋស្តីទី។
សូមបញ្ជាក់ថា ក្នុងឱកាសគង់ប្រថាប់នៅទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក៏សព្វព្រះរាជហឫទ័យស្តេចយាងទតបណ្ណាគារ, យាងទតហាងលក់ DVD, យាងទតវត្តខេមរារាម, យាងទតបណ្ណាល័យឧត្តមសិក្សា និងអរិយធម៌ BULAC, យាងទតព្រះរាជដំណាក់ថ្មីនៅទីក្រុងប៉ារីស។
សូមបញ្ជាក់ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រ គឺជាសមាគមអ្នកសិក្សាមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២។ សកម្មភាពរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រភាគច្រើនទាក់ទងនឹងភូមិសាស្ត្រ និងប្រវត្តិសាស្ត្រទូទៅនៃទ្វីបអាហ្វ្រិក អាមេរិកឡាទីន អាស៊ី និងអូសេអានី។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២ ដោយលោក Paul Bourdarie ដើម្បីសិក្សាអំពីបញ្ហាជាក់លាក់នៃទឹកដីនៃបណ្តាប្រទេស និងរដ្ឋដែលធ្លាប់បានស្ថិតក្រោមអាណាព្យាបាលបារាំង។ ដើមឡើយ បណ្ឌិត្យសភាវិទ្យាសាស្ត្រមានឈ្មោះថា បណ្ឌិត្យសភាវិទ្យាសាស្ត្រអាណានិគម និងត្រូវបានប្តូរឈ្មោះជាបណ្ឌិត្យសភាវិទ្យាសាស្ត្រនៃប្រទេសឯនាយសមុទ្រក្នុងខែមិថុនា ឆ្នាំ១៩៥៧។
បណ្ឌិត្យសភាវិទ្យាសាស្ត្រ មានបាវចនា «ចំណេះដឹង ការយល់ដឹង ការគោរព សេចក្តីស្រឡាញ់»។ មានអាយុកាលជាង១០០ឆ្នាំ បណ្ឌិត្យសភាវិទ្យាសាស្ត្រនៃប្រទេសឯនាយសមុទ្រមានបណ្ណាល័យដែលតម្កល់សៀវភៅជាង៧ម៉ឺនក្បាល ធ្វើឱ្យបណ្ឌិត្យសភាវិទ្យាសាស្ត្រក្លាយជាធនធានឈានមុខគេសម្រាប់វប្បធម៌ នៃអតីតប្រទេសស្ថិតក្រោមអាណាព្យាបាលនៅឯនាយសមុទ្រ។
បណ្ឌិត្យសភាវិទ្យាសាស្ត្រក៏ផ្តល់រង្វាន់ដែលទទួលស្គាល់ដល់ការសិក្សាទាក់ទងនឹងទឹកដីប្រវត្តិសាស្ត្រ វប្បធម៌នៃបណ្តាប្រទេសឯនាយសមុទ្រផងដែរ។

