ព្រឹកនេះ ព្រះមហាក្សត្រខ្មែរ យាងទៅកាន់ប្រទេសបារាំង ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ យាងទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយសប្តាហ៍ ដើម្បីយាងចូលរួមកិច្ចប្រជុំនៅ​បណ្ឌិត្យសភាវិទ្យាសាស្ត្រ។

ក្នុងព្រះរាជសារផ្ញើជូនដល់ជនរួមជាតិ, ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលឱ្យដឹងថា ក្នុងឱកាសដែលព្រះអង្គគង់ប្រថាប់នៅក្រៅប្រទេសនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយក្នុងព្រះបរមនាមរបស់ព្រះអង្គ ជាប្រមុខរដ្ឋស្តីទី។

សូមបញ្ជាក់ថា ក្នុងឱកាសគង់ប្រថាប់នៅទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក៏សព្វព្រះរាជហឫទ័យស្តេចយាងទតបណ្ណាគារ, យាងទតហាងលក់ DVD, យាងទតវត្តខេមរារាម, យាងទតបណ្ណាល័យឧត្តមសិក្សា និងអរិយធម៌ BULAC, យាងទតព្រះរាជដំណាក់ថ្មីនៅទីក្រុងប៉ារីស។

សូមបញ្ជាក់ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រ គឺជាសមាគមអ្នកសិក្សាមួយ ដែលត្រូវបាន​បង្កើតឡើងក្នុងឆ្នាំ១៩២២។ សកម្មភាពរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រភាគច្រើនទាក់ទងនឹង​ភូមិសាស្ត្រ និងប្រវត្តិសាស្ត្រទូទៅនៃទ្វីបអាហ្វ្រិក អាមេរិកឡាទីន អាស៊ី និងអូសេអានី។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២ ដោយលោក Paul Bour​darie ដើម្បីសិក្សាអំពីបញ្ហាជាក់លាក់នៃទឹកដីនៃបណ្តាប្រទេស និងរដ្ឋដែល​ធ្លាប់បាន​ស្ថិតក្រោមអាណាព្យាបាលបារាំង។ ដើមឡើយ បណ្ឌិត្យសភាវិទ្យាសាស្ត្រមានឈ្មោះ​ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រអាណានិគម និងត្រូវបានប្តូរឈ្មោះជាបណ្ឌិត្យសភា​វិទ្យា​សាស្ត្រ​​នៃប្រទេសឯនាយសមុទ្រក្នុងខែមិថុនា ឆ្នាំ១៩៥៧។

បណ្ឌិត្យសភាវិទ្យាសាស្ត្រ មានបាវចនា «ចំណេះដឹង ការយល់ដឹង ការគោរព សេចក្តី​ស្រ​ឡាញ់»។ មានអាយុកាលជាង១០០ឆ្នាំ បណ្ឌិត្យសភាវិទ្យាសាស្ត្រនៃប្រទេស​ឯនា​យ​សមុទ្រមានបណ្ណាល័យដែលតម្កល់សៀវភៅជាង៧ម៉ឺនក្បាល ធ្វើឱ្យបណ្ឌិត្យសភា​វិទ្យា​សាស្ត្រ​ក្លាយជាធនធានឈានមុខគេសម្រាប់វប្បធម៌ នៃអតីតប្រទេស​ស្ថិតក្រោមអាណា​ព្យាបាលនៅឯនាយសមុទ្រ។

បណ្ឌិត្យសភាវិទ្យាសាស្ត្រក៏ផ្តល់រង្វាន់ដែលទទួលស្គាល់ដល់ការសិក្សាទាក់ទងនឹងទឹកដីប្រវត្តិសាស្ត្រ វប្បធម៌នៃបណ្តាប្រទេសឯនាយសមុទ្រផងដែរ។