សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្នើឱ្យជនរួមជាតិទាំងអស់ចូលរួមយ៉ាងសកម្មក្នុងយន្តការជាតិតែមួយ ដើម្បីសម្រេចបានដោយជោគជ័យនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនំាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានផ្ញើសារអំពាវនាវ ដល់ជនរួមជាតិទាំងអស់ចូលរួមយ៉ាងសកម្ម និងឱ្យបានទ្វេដង ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងយន្តការជាតិតែមួយ ដើម្បីសម្រេចបានដោយជោគជ័យនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០។

នេះបើយោងតាមសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥ ក្រោមមូលបទសកល «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»នេះ។

តាមរយៈសារលិខិតខាងលើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានស្នើឱ្យ «យុវនារី យុវជនទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវផ្នត់គំនិត និងឥរិយាបថវិជ្ជមានបង្ការខ្លួនពីការចម្លងមេរោគអេដស៍ និងដើរតួជាសកម្មជនប្រយុទ្ធនឹងជំងឺអេដស៍តាមរយៈសកម្មភាពមិត្តអប់រំមិត្ត ការបង្កើតក្រុមជួយខ្លួនឯង ចែករំលែកចំណេះដឹង ផ្សព្វផ្សាយព័ត៌មានថ្មីៗស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ដល់មិត្តភក្តិ សហគមន៍ និងសង្គមជាតិរបស់យើង ជាពិសេសត្រូវនាំគ្នាចៀសឱ្យឆ្ងាយ ពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការប្រើបារីអេឡិចត្រូនិក និងត្រូវលើកកម្ពស់ស្មារតី “ស្រឡាញ់ខ្លួន ស្ងួនចំណី”។

ចំពោះបងប្អូនដែលបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវតែស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ឱ្យបានឆាប់បំផុត ដើម្បីអាចទទួលបាននូវសេវាព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ និងសូមចងចាំជានិច្ចថា “យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ”។

ដោយឡែស្រ្តីមានផ្ទៃពោះទាំងអស់ សូមទៅទទួលសេវាពិនិត្យ និងថែទាំផ្ទៃពោះឱ្យបានត្រឹមត្រូវ និងទៀងទាត់ ទទួលបានការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ មេរោគស្វាយ ទប់ស្កាត់កាត់ការចម្លងមេរោគអេដស៍ មេរោគស្វាយពីម្តាយទៅកូន។

ចំពោះបងប្អូនដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ចូរប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% នៅរៀងរាល់ពេលរួមភេទ និងស្វែងរកការប្រើឱសថបង្ការការចម្លងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ និងទៀងទាត់ ពីមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត។

ចំពោះបងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ សូមបន្តការយកចិត្តទុកដាក់ លេបឱសថប្រឆាំងមេរោគអេដស៍ ឱ្យបានត្រឹមត្រូវ ទៀងទាត់ ជាប់លាប់ និងមកជួបគ្រូពេទ្យតាមការកំណត់។

នឹងសូមកុំរើសអើង និងមាក់ងាយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពី ការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ ផ្ទុយទៅវិញ សូមចូលរួមលើកទឹកចិត្ត ផ្តល់កិច្ចគាំពារ មិនបោះបង់ចោល ឬទុកឱ្យនៅឯកា ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍និងអ្នកជំងឺអេដស៍ណាម្នាក់ឡើយ»៕