ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ណែនាំឱ្យក្រុមហ៊ុនសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គិតគូរពីសុវត្ថិភាពជាចម្បង និងពន្លឿនការសាងសង់ជាមួយនឹងគុណភាពល្អ


(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំឱ្យក្រុមហ៊ុនសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ត្រូវគិតគូរពីសុវត្ថិភាពជាចម្បង និងពន្លឿនការសាងសង់ ដើម្បីអាចបញ្ចប់មុនផែនការគ្រោងទុក និងប្រកបដោយគុណភាព។

ឯកឧត្តម ប៉េង ពោធិ៍នា បានចុះណែនាំដូចនេះនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឱកាសដឹកនាំប្រតិភូក្រសួង និងមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យការរំកិលធ្នឹមស្ពាននៅចន្លោះសសរស្ពានទី៥ កាត់ពីលើផ្លូវជាតិលេខ២ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។

សូមបញ្ជាក់ដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាព ៥៣% គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕