(កំពត)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួយសម្របសម្រួលរកដំណោះស្រាយ ក្នុងការងារដំណើរការនៃផលិតកម្មអំបិលរបស់លោកស្រី អ៊ឹង ឈីវលី អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC)។
ឆន្ទៈរបស់លោកអភិបាលខេត្តកំពត បានធ្វើឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងឱកាសឯកឧត្តមអនុញ្ញាតឲ្យលោកស្រី កែវ មុំ ដឹកនាំសមាជិកសមាជិកា ចូលជួបពិភាក្សា និងសុំអនុសាសន៍ណែនាំ គម្រោងរៀបចំប្រមូលផ្តុំប្រជាជនផលិតអំបិលនៅខេត្តកំពត និងខេត្តកែប នាពេលខាងមុខ។
ក្នុងជំនួបនោះ លោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ បានថ្លែងឲ្យដឹងថា «ខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានដឹកនាំជួយ សម្របសម្រួលរកដំណោះស្រាយក្នុងការងារដំណើរការនៃផលិតកម្មអំបិល ស្ថិតនៅក្នុងខេត្តកំពត និងមានតំណាងអភិបាលខេត្តកែប ព្រមទាំងមានការចូលរួមសហការសម្របសម្រួលពីមន្ទីឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ខេត្តកំពត និងកែប រួមទាំងផលិតករផលិតអំបិល ធ្វើយ៉ាងណាដើម្បីឲ្យដំណើរការនៃការផលិតអំបិលនៅក្នុងខេត្តកំពត និងខេត្តកែប ឱ្យមានដំណើរការ នៃការផលិតមាននិរន្តរភាពនិងរក្សាបាននូវស្ថេរភាពតម្លៃ ព្រមទាំងអាចផ្ដល់នូវអំបិលដែលមានគុណភាព សុវត្ថិភាព ដល់ប្រជាពលរដ្ឋទូទាំងប្រទេសសម្រាប់ប្រើប្រាស់ ដោយមានទំនុកចិត្ត ប្រកបដោយផាសុកភាព និងមានសុខភាពល្អ»។
យោងតាមការសិក្សារបស់ក្រុមការងារបច្ចេកទេស ដែលមានការសហការណ៍ជាមួយ ក្រុមហ៊ុន លីលី និង មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានចុះទៅដល់ទីតាំងផលិតអំបិល និងបានជួបក្រុមផលិតអំបិល ខេត្តកំពត និងកែប ក្នុងអំឡុងខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមក ឃើញថា ផលិតករដែលធ្លាប់ធ្វើស្រែ និងផលិតអំបិល នៅក្នុងភូមិសាស្ត្រខេត្តកំពត និងកែប បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន រួមមាន បញ្ហាផលិតកម្ម បញ្ហាទីផ្សារ អស្ថិរភាពនៃតម្លៃ គុណភាព និងទុនវិនិយោគ ដែលបណ្តាលឲ្យផលិតករមួយចំនួនមានភាពរុញរាក្នុងការបន្តផលិតអំបិលដើម្បីប្រើប្រាស់ក្នុងគ្រួសារ និងផ្គត់ផ្គង់ទីផ្សារ។
ក្នុងន័យនេះ លោកស្រីប្រធានសភាមុខរបរ និងមីក្រូ សហគ្រាសកម្ពុជា ដែលមានការសហការជាមួយក្រុមហ៊ុន លីលី និង មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានត្រៀមរៀបចំផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្រ ដើម្បីជួយដល់ផលិតករអំបិលនៅខេត្តកំពត និងខេត្តកែប តាមរយៈការជំរុញសកម្មភាពផលិត និងស្វែងរកទីផ្សារអំបិលដែលមានតម្លៃសមរម្យ និងមានស្ថិរភាព ក្រោមការវិនិយោគទុនផ្ទាល់របស់ ក្រុមហ៊ុន លីលី សម្រាប់ការដំឡើងខ្សែច្រវ៉ាក់ផលិតកម្មកែច្នៃអំបិលខេត្តកំពត និងកែប។
សូមជម្រាបថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាផលិតអំបិលបានប្រមាណជាង ១៦ម៉ឺនតោន ដែលលើសតម្រូវការចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងប្រទេសជិតពាក់កណ្តាល ដោយក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការអំបិលចន្លោះពី ៨ម៉ឺនតោនទៅ ១០ម៉ឺនតោនប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីឆ្នាំ២០២៤ ទិន្នផលអំបិលនៅកម្ពុជាសរុបមានចំនួន ១៦៨ ៨៨២ តោន ដែលបានផលិតលើផ្ទៃដីស្រែអំបិលចំនួន ៣ ៩៨៧.៣៥ហិកតា ក្នុងខេត្តកំពត និងខេត្តកែប។
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់បណ្តាព័ត៌មានថា ការផលិតអំបិលលើសពីតម្រូវនេះ ដោយសារអាកាសធាតុក្តៅអំណោយផលល្អ និងការអូសបន្លាយនៃរដូវប្រាំង ដែលបានធ្វើឱ្យកសិករផលិតអំបិលបានច្រើន ដោយសង្កេតឃើញថា គ្រាន់តែក្នុងខែមិថុនា និងខែកក្កដា កសិករអាចផលិតបានរហូតដល់ ៤៤ ២៨៣តោន ខណៈជាធម្មតាការផលិតអំបិល គឺស្ថិតនៅចន្លោះខែមករា និងខែកុម្ភៈ។
បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្មរូបនេះ ក្នុងមួយឆ្នាំៗកម្ពុជា មានតម្រូវការអំបិលចន្លោះពី ៨ម៉ឺនតោនទៅ ១០ម៉ឺនតោនប៉ុណ្ណោះ ទាំងអំបិលសម្រាប់បរិភោគ អំបិលកសិកម្ម និងសម្រាប់ឧស្សាហកម្ម ដូច្នេះហើយកាលពីឆ្នាំ២០២៤ ពុំមានការនាំចូលអំបិលពីបរទេសទេ។ តែយ៉ាងនេះ គេសង្កេតអាចនឹងសង្កេតឃើញវត្តមានអំបិលរបស់ប្រទេសជិតខាង នៅក្នុងទីផ្សារកម្ពុជា ដោយសារមានការនាំចូលខ្លះៗ។
លោកបានឱ្យដឹងយ៉ាងដូច្នេះថា «ការផលិតអំបិលនេះ គឺកសិកររបស់យើងអាស្រ័យទាំងស្រុង ទៅលើអាកាសធាតុផ្ទាល់តែម្តង យើងឃើញថា នៅតាមបណ្តាឆ្នាំនីមួយៗ ការផលិតមានការឡើងចុះ ហើយនៅក្នុងឆ្នាំខ្លះក៏យើងមានការខ្វះខាតអំបិល ត្រូវធ្វើការនាំចូលពីក្រៅប្រទេសផងដែរ តែយ៉ាងណាក្នុងឆ្នាំ២០២៤ គឺយើងផលិតបានលើសតម្រូវការហើយ ពុំមានតម្រូវការនៃការនាំចូលនោះទេ។ ប៉ុន្តែជាក់ស្តែងនៅក្នុងទីផ្សារ ដោយសារកម្ពុជារបស់យើងជាមួយនឹងបណ្តាប្រទេសអាស៊ាន ដែលយើងដឹងថាជាសមាហរណកម្មសេដ្ឋកិច្ច ដែលនៅក្នុងនោះបណ្តាប្រទេសទាំងអស់ មានលទ្ធភាពក្នុងការនាំចេញនាំចូលដោយសេរី អ៊ឺចឹងហើយទើបយើងឃើញមានការនាំចូល នូវអំបិលពីបណ្តាប្រទេសអាស៊ានយើងមួយចំនួនមកកម្ពុជាផងដែរ»។
អ្នកនាំពាក្យក្រសួង បានឱ្យដឹងផងដែរថា ខណៈអំបិលកម្ពុជាក្លាយជាទំនិញម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) កាលពីឆ្នាំ២០២៣ និងទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ បណ្តាប្រទេសពីសហគមន៍អឺរ៉ុប ថាជាអំបិលមួយដែលមានគុណភាពល្អ និងសំបូរទៅដោយសារធាតុរ៉ែ ជំនួយទៅដល់សុខភាពអ្នកប្រើប្រាស់ ក៏កំពុងទទួលបានការចាប់អារម្មណ៍ទីផ្សារប្រទេសមួយចំនួន ក្នុងការនាំចូលទៅប្រទេសគេផងដែរ។លោកបានពន្យល់បន្ថែមថា «តាមការពិនិត្យនិងវាយតម្លៃរបស់អ្នកជំនាញនៅសហគមន៍អឺរ៉ុប គឺអំបិលយើងមានសារធាតុរ៉ែ ដែលមាននៅក្នុងនៅក្នុងអំបិលរហូតជាង ៨០ប្រភេទ ដែលជំនួយទៅដល់សុខភាពអ្នកប្រើប្រាស់ ហើយអំបិលនោះមានលក្ខណៈផ្អែម មិនប្រៃពេកហើយក៏មិនរឹងពេកដែរ នេះជាលក្ខណៈពិសេសរបស់អំបិលកម្ពុជាយើង។ បច្ចុប្បន្នអំបិល GI របស់យើងមានទីផ្សារធំនៅសហគមន៍អឺរ៉ុប ហើយជប៉ុន សហរដ្ឋអាមេរិក អូស្រ្តាលី និងកូរ៉េខាងត្បូង ក៏កំពុងចាប់អារម្មណ៍លើអំបិលរបស់កម្ពុជាដែរ»។
បច្ចុប្បន្ននេះ ក្រុមផលិតអំបិលមានចំនួន១៩១ក្រុម និងមានសិប្បកម្មចំនួន ៥៤មូលដ្ឋាន ក្នុងនោះ៣២មូលដ្ឋាន ទទួលបានអាជ្ញាបណ្ណ ប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិលដែលបានបញ្ចូលអ៉ីយ៉ូដ។
គួរជម្រាបដែរថា លោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ បានដឹកនាំសមាជិកសមាជិកា ចូលជួបពិភាក្សា និងសុំអនុសាសន៍ណែនាំគម្រោងរៀបចំប្រមូលផ្តុំប្រជាជនផលិតអំបិលនៅខេត្តកំពត និងខេត្តកែប នាពេលខាងមុខ ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍។
នាឱកាសនោះ លោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ បានសំណូមពរលោករដ្ឋមន្ត្រី រួមមាន៖
*១៖ ជួយជួសជុលផ្លូវ ដោយសាររដូវភ្លៀង ពិបាកចូលយកអំបិល
*២៖ ជួយជួសជុលឃ្លាំងរបស់ផលិតករ ដែលភាគច្រើនកំពុងពុកផុយ
*៣៖ ជួយបច្ចេកទេស លើផ្នែកបណ្តុះបណ្តាល៕















