ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានសាលាតំបូងខេត្តកំពង់ស្ពឺ ឯកឧត្តម មិន មករា ជំនួស ឯកឧត្តម ឡុង កេសភារម្យ ត្រូវផ្ទេរទៅកាន់ខេត្តកំពង់ធំ


(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាធិបតីភាពប្រកាសផ្ទេរ និងតែងតាំងឱ្យកាន់តំណែងឯកឧត្តម មិន មករាពីព្រះរាជអាជ្ញាសាលាដំបូងខេត្តកោះកុង មកជាព្រះរាជសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួសឯកឧត្តមឡុង កេសភារម្យ ដែលត្រូវផ្ទេរទៅកាន់សាលាដំបូងខេត្តកំពង់ធំ។

ក្នុងឱកាសនោះឯកឧត្តម កើត រិទ្ធបានមានប្រសាសន៍ថា ការផ្លាស់ប្តូរទីកន្លែងបំពេញការងារ និងការផ្ទេភារកិច្ចរបស់អង្គចៅក្រម គឺជាគោលការណ៍ធម្មតាក្នុងអាជីពចៅក្រម ព្រះរាជអាជ្ញាដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តង សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនៃកិច្ចដំណើរការការងាររបស់ស្ថាប័នតុលាការ និងអយ្យការ ជាពិសេសធ្វើឪ្យប្រសើរឡើងសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ការងារបង្កើននូវចំណេះដឹងថ្មីៗបន្ថែមទៀតពេលទៅកាន់កន្លែងថ្មី ដើម្បីអភិវឌ្ឍខ្លួនឪ្យកាន់តែល្អប្រសើរឡើងក្នុងការបំរើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ ក៍បានជំរុញ និងក្រើនរំលឹកដល់អាជ្ញាធរក៏ដូចសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវាសាធារណជូនដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព និងតម្លាភាព រហ័ស ទទួលបានការជឿទុកចិត្ត។ ទន្ទឹមនឹងនោះត្រូវបង្កើនដោះស្រាយទំនាស់ផ្សេងៗនៅក្រៅប្រពន្ធ័តុលាការ ប្រសើរជាងការប្តឹងទាមទារឱ្យ មានការកាត់ក្តីពីប្រពន្ធ័ច្បាប់ ខាតបង់ពេលវេលាប្រាក់កាស។

ឯកឧត្តម កើត រិទ្ធិ បានលើកឡើងថា ការដោះស្រាយវិវាទនៅក្រៅប្រពន្ធ័តុលាការ គឺជាដំណើរការនីតិវិធីល្អបំផុតមួយ ដែលអាចជួយមនុស្សពីរនាក់ជាគូទំនាស់ឱ្យរកឃើញនូវភាពឈ្នះឈ្នះរៀងខ្លួនដោយមិនមានអ្នកចាញ់។ ជាងនេះអាជ្ញាធរ ត្រូវខិតខំសម្របសម្រួលដោះស្រាយឱ្យអស់លទ្ធភាពជូនប្រជាពលរដ្ឋ ហើយលទ្ធផលនៃការដោះស្រាយទទួលបានជោគជ័យនោះ ពិតជាបានសម្រាលបន្ទុករឿងក្តីមួយផ្នែកពីតុលាការផងដែរ។បើការដោះស្រាយ សម្របសម្រួលមិនទទួលបានការឯកភាពរវាងភាគីទាំងពីរអស់លទ្ធភាពរួចរាល់ចាំបញ្ជូនមកតុលាការក៏មិនយឺតពេលដែរ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ថា នីតិវិធីសម្របសម្រួល និងដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ គឺជានីតិវិធីល្អជាងគេសម្រាប់សង្គមដែលអាជ្ញាធរមានសមត្ថកិច្ច និងចៅក្រម គួរយកមកប្រើដើម្បីជៀសវាងការកាត់ក្តីឱ្យ មានអ្នកឈ្នះ និងអ្នកចាញ់ដោយភាពលំអៀង។ល។ ប៉ុន្តែបើគ្មានជម្រើស គឺត្រូវតែអនុវត្តតាមប្រពន្ធ័តុលាការ តែការអនុវត្តតាមប្រពន្ធ័នេះនឹងធ្វើឱ្យគូក្តីត្រូវប្រឈម និងពាក្យស្លោកចាស់បុរាណថា «ធ្ងន់ និងថ្ម ក្រនិងក្តី»។

ក្នុងន័យនេះ គឺកាលណាមានរឿងក្តី មានវិវាទកើតឡើងគឺមានការក្តៅក្រហាយចាប់ផ្តើមមានហើយ បើមានវិវាទកើតមានឡើងភាគគីទាំងពីរ គឺចង់បានឈ្នះរៀងខ្លួន ដែលធ្វើឱ្យគ្រួសារគូទំនាស់មិនមានពេលវេលា ក្នុងការរកស៊ីទទួលទានរវល់ក្នុងការដើរក្តីហើយត្រូវពឹងមេធាវីបន្តបន្ទាប់ដែលការពឹងនេះត្រូវចំណាយនូវទ្រពធនរួមទាំងសមាជិកគ្រួសារផងដែរ ដើម្បីវិនិយោគយកការឈ្នះក្តី។ ទន្ទឹមនិងដំណើរការក្តីនេះ គឺគូទំនាស់មិនមានពេលវេលា គ្រប់គ្រាន់ ក្នុងការរកស៊ីទេដែលធ្វើឱ្យជីវភាពក្នុងគ្រួសារកាន់តែដុនដាបទៅមានរឿងក្តីខ្លះតក្តីរហូតដល់បាត់បង់សមាជិកគ្រួសារ ឬគ្រួសារខ្លះក្លាយជាសត្រូវនិងគ្នាអស់មួយជីវិតក៏មាន។

ជាមួយនឹងការលើកឡើងនេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានផ្តាំផ្ញើដល់ព្រះរាជអាជ្ញា ចៅក្រមនៃសាលាដំបូងខេត្តកំពង់ស្ពឺ ឱ្យបន្តខិតខំប្រឹងប្រែង ពន្លឿនយន្តការការដោះស្រាយឱ្យបានលឿនប្រកបយុត្តិធម៌ចៀសវាង ការកកស្ទះសំណុំរឿង និងអូសបន្លាយច្រើនឆ្នាំ៕