អបអរសាទរ ខួបលើកទី១ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ


(ភ្នំពេញ)៖​ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាខួបលើកទី១ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (៤ ធ្នូ ២០២៤ – ៤ ធ្នូ ២០២៥)។

នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារអបអរសាទរ ខួបលើកទី១ ដែលក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូផងដែរ។

សូមជម្រាបថា ក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ អនុម័តយល់ព្រមចុះក្នុងបញ្ជីតំណាង បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមរយៈសេចក្តីសម្រេចលេខ 19.COM7.b.27 នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay)។

ការដាក់បញ្ចូល «ក្រមា» ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូនេះ គឺជាជោគជ័យដ៏ធំធេងថ្មីមួយទៀត សម្រាប់បេសកកម្មជាប្រវត្តិសាស្ត្រក្នុងការអភិរក្សនិងថែរក្សា ការពារនូវមរតកសម្បត្តិវប្បធម៌អរូបី ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ សម្រាប់ជាសម្បត្តិមនុស្សជាតិ ទាំងមូល និងជាការលើកកម្ពស់នូវដួងព្រលឹង នៃវប្បធម៌ដ៏ល្អផូរផង់ប្រកបដោយមោទកភាពជាតិ និងល្បីល្បាញ សុសសាយនៅលើឆាកអន្តរជាតិ។

ការទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់ថ្លៃថ្លានេះ មិនត្រឹមកើតចេញពី ការខិតខំប្រឹងប្រែងប្រកបដោយទំនួលខុសត្រូវខ្ពស់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុ ជាដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការប៉ុណ្ណោះទេ តែជាការបង្ហាញឱ្យឃើញ ពីស្នាដៃឆ្នើមរួមគ្នាប្រសូតចេញពីទឹកដៃដ៏ប៉ិនប្រសប់របស់ប្រជាសិប្បករក្រមា ក៏ដូចជាសហគមន៍ក្រមា សមាគមក្រមា ដែលបានខិតខំតស៊ូ ដោយសេចក្តីអំណត់ ព្យាយាមមោះមុត និងស្មារតីសាមគ្គី រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូនជាតិ មាតុភូមិកម្ពុជា៕