ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន ដើម្បីលើកកម្ពស់មូលដ្ឋានគ្រឹះនៃការរៀនសូត្រ សម្រាប់សិស្សនៅបឋមសិក្សា


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គម្រោងកែលម្អការអប់រំ​កម្រិតមូលដ្ឋាន (BEIP) ដែលជាគម្រោងដ៏សំខាន់មួយ ក្នុងការលើកកម្ពស់មូលដ្ឋានគ្រឹះនៃការរៀនសូត្រ សម្រាប់សិស្សនៅបឋមសិក្សា និងពង្រឹងប្រព័ន្ធអប់រំមួយដ៏រឹងមាំ ទំនើប និងប្រកបដោយសមធម៌ គុណភាព បរិយាបន្ន និងឱកាសសិក្សាពេញមួយជីវិតសម្រាប់កុមារកម្ពុជាគ្រប់រូប។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស , លោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា រួមទាំងមានលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រីតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រីតំណាងមកពីក្រសួងមុខងារសាធារណៈ រួមទាំងមានលោកគ្រូ អ្នកគ្រូ ជាច្រើនរូបទៀត។

នាឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ឱ្យដឹងថា «គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)» ដែលជាគម្រោងដ៏សំខាន់មួយ ក្នុងការលើកកម្ពស់មូលដ្ឋានគ្រឹះនៃការរៀនសូត្រសម្រាប់សិស្សនៅបឋមសិក្សា និងពង្រឹងប្រព័ន្ធអប់រំមួយដ៏រឹងមាំ ទំនើប និងប្រកបដោយសមធម៌ គុណភាព បរិយាបន្ន និងឱកាសសិក្សាពេញមួយជីវិតសម្រាប់កុមារកម្ពុជាគ្រប់រូប។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង BEIP បង្ហាញពីការបន្តគាំទ្រលើវិស័យអប់រំកម្ពុជា ជាពិសេសផ្តោតការយកចិត្តទុកដាក់លើការពង្រឹងការអប់រំកម្រិតមូលដ្ឋានការជំរុញ និងពន្លឿនកំណែទម្រង់ការអប់រំ ការពង្រឹងស្ថាប័ន និងការលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សនៅកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) ជាការវិភាគជាយុទ្ធសាស្ត្របន្ទាប់ ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសិក្សារបស់សិស្សកម្ពុជា។ គម្រោង BEIP ផ្តោតលើអាទិភាពធំៗដូចជា (១) ភាពត្រៀមខ្លួនសម្រាប់ចូលរៀន៖ ការសាងសង់ទារកដ្ឋានចំនួន៦០ និងសាលាមត្តេយ្យចំនួន២០ ការបណ្តុះបណ្តាលគ្រូមត្តេយ្យចំនួន ៥០០នាក់លើវិធីសាស្រ្តរៀនតាមរយៈការលេង, ការជំរុញការចូលរួមរបស់មាតាបិតាគាំទ្រការរៀនសូត្ររបស់កុមារតូច។ (២) ការរៀនសូត្រប្រកបដោយប្រសិទ្ធភាពនៅកម្រិតបឋមសិក្សា៖ ការពង្រីកការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូងទូទាំងប្រទេស​, ការបណ្តុះបណ្តាលគ្រូបង្រៀនចំនួន ៣៤.០០០នាក់, ការអនុវត្តការបង្រៀនសម្រប តាមសមត្ថភាពសិស្សរៀនយឺតក្នុង ១.៤០០សាលាកម្រង, ការសាងសង់អគារសិក្សាបឋមសិក្សាចំនួន ៩១២បន្ទប់ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបំពាក់ដោយបរិក្ខារទឹកស្អាត និងអនាម័យពេញលេញ។ (៣) ការពង្រឹងស្ថាប័ន៖ ការធ្វើបរិវត្តកម្មឌីជីថលពេញលេញលើប្រព័ន្ធគ្រប់គ្រងព័ត៌មាន ធនធានមនុស្ស (HRMIS) និងការពង្រឹងគណនេយ្យភាព និងភាពជាអ្នកដឹកនាំនៅតាមសាលារៀន។

បន្ថែមពីនេះដែរឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកយកនូវសារគន្លឹះសំខាន់ៗមួយចំនួនជូនចំពោះថ្នាក់ដឹកនាំអប់រំ គ្រូបង្រៀន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ដូចជា៖

(១)៖ កំណែទម្រង់អប់រំរបស់កម្ពុជាកំពុងផ្តល់លទ្ធផលជាផ្លែផ្កា។ អត្រាសិស្សចូលរៀនត្រូវបានពង្រីក ហើយលទ្ធផលសិក្សាកំពុងមានភាពល្អប្រសើរឡើង។

(២)៖ ភាពជាដៃគូដ៏រឹងមាំ ជាពិសេសជាមួយធនាគារពិភពលោក គឺជាកត្តាចាំបាច់មិនអាចខ្វះបាន។ គម្រោង SEIP, GEIP, HEIP និងពេលនេះគឺ BEIP បង្កើតបានជាយន្តការគាំទ្ររយៈពេលវែងមួយដែលមានសង្គតិភាព។

(៣)៖ លទ្ធផលនៃ SEA-PLM ឆ្នាំ២០២៤ បញ្ជាក់ថាកម្ពុជាកំពុងមានវឌ្ឍនភាព ប៉ុន្តែបញ្ហាប្រឈមនៅតែមាន។ គម្លាតនៃការរៀនសូត្រនៅតែបន្តកើតមាន ហើយម៉ោងសិក្សា និងគុណភាពនៃការបង្រៀនចាំបាច់ត្រូវបន្តកែលម្អ។ ចំណុចនេះត្រូវបានឆ្លុះបញ្ចាំងក្នុងរបាយការណ៍ចំនួនពីរ (ម៉ោងសិក្សា និងគុណភាពគ្រូបង្រៀន) ដែលធនាគារពិភពលោកទើបតែបានចេញផ្សាយនាពេលថ្មីៗនេះ។

(៤)៖ BEIP គឺជាការវិនិយោគប្រកបដោយបរិវត្តកម្ម ដែលដោះស្រាយបញ្ហាលើការអប់រំកុមារតូច ការអភិវឌ្ឍបំណិនសិក្សាមូលដ្ឋាន ការពង្រឹងយន្តការបណ្ដុះបណ្ដាលគ្រូបង្រៀន និងការកសាងសមត្ថភាពស្ថាប័ន។ ក្រសួងបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការវិនិយោគលើគម្រោង BEIP ដែលជាគម្រោងវិនិយោគតែមួយគត់ដែលប្តេជ្ញាទាំងស្រុង ចំពោះការអប់រំកុមារតូច និងបឋមសិក្សា។

(៥)៖ ការអនុវត្តប្រកបដោយជោគជ័យ ទាមទារនូវភាពជាអ្នកដឹកនាំវិន័យ និងការសម្របសម្រួល។ គ្រូបង្រៀន នាយកសាលា ការិយាល័យអប់រំក្រុងស្រុក និងមន្ទីរអប់រំរាជធានីខេត្ត គឺជាកម្លាំងស្នូលនៃភាពជោគជ័យនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា ការដាក់ឱ្យដំណើរការគម្រោង BEIP នាថ្ងៃនេះ គឺជាសក្ខីភាពនៃការប្តេជ្ញារបស់កម្ពុជា ចំពោះកុមារទូទាំងប្រទេសដែលនឹងក្លាយជាកម្លាំងពលកម្មនាពេលអនាគត។ ជាមួយគ្នានេះដែរ BEIP នឹងកសាងមូលដ្ឋានគ្រឹះសម្រាប់ការបង្កើនការចូលរៀននៅមធ្យមសិក្សា ការអនុវត្តគន្លងអប់រំថ្មីប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍមូលធនមនុស្សដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាមួយនឹងការប្តេជ្ញាចិត្តរួមនិងកំណែទម្រង់ផ្អែកលើភស្តុតាង លោកមានទំនុកចិត្តថា កម្ពុជានឹងបន្តរីកចម្រើន និងសម្រេចបានលទ្ធផលកាន់តែប្រសើរនៅក្នុងវដ្តវាយតម្លៃ SEA-PLM លើកក្រោយ និងបន្តទៅអនាគត៕