ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបាញ់បំផ្លាញរបស់យោធាថៃ មកលើប្រាសាទតាក្របី ជាទីគោរពសក្ការៈរបស់កម្ពុជា។
ក្រសួងវប្បធម៌ បានចាត់ទុកថា ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថ មាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាង បន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។
ក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ សហគមន៍អាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូបដែលស្រឡាញ់ការពារបេតិកភណ្ឌនៃមនុស្សជាតិ ចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត និងជំរុញយោធាថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លិចបំផ្លាញនេះ។
កិច្ចអន្តរាគមន៍របស់សហគមន៍ជាតិនិងអន្តរជាតិ គឺជាភាពចាំបាច់បំផុត ពីព្រោះយោធាថៃបាននិងកំពុងបន្តបាញ់ប្រហារ ដោយមិនញញើតមកលើគ្រប់ទីតាំង មិនថាជាទីតាំងជនស៊ីវិល ឬទីតាំងបេតិកភណ្ឌនោះទេ ជាពិសេស កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទព្រះវិហារក៏ទទួលរងការបំផ្លាញ ធ្វើឱ្យអគារអភិរក្សក្រោមកិច្ចសហការអភិរក្សកម្ពុជា-ឥណ្ឌា ត្រូវបាន ខូចខាតទាំងស្រុង រួមទាំងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រាសាទផងដែរ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តថានឹងប្រើប្រាស់គ្រប់យន្តការទាំងអស់ទាំងកម្រិតជាតិ និងអន្តរជាតិ ដើម្បីទាមទារឱ្យថៃទទួលខុស ត្រូវលើសកម្មភាពអសីលធម៌ទាំងនេះ ចំពោះមុខច្បាប់អន្តរជាតិដែលមានជាធរមាន ក៏ដូចជាកត់ត្រាទុកអំពើ បំផ្លិចបំផ្លាញនេះក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ៕




