ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បង្ហាញពីវឌ្ឍនភាពនៃកិច្ចសហការពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានឥណទាន


លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារកណ្តាលចិន សាខាតំបន់ស្វយ័តក្វាងស៊ី ដឹកនាំដោយលោកប្រធាន Chen Jinxiang ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

គោលបំណងនៃជំនួបនេះគឺដើម្បីលើកកម្ពស់កិច្ចសហការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត និងពង្រឹងភាពជាដៃគូយូរអង្វែងរវាងធនាគារកណ្ដាលទាំងពីរ។

ក្នុងនោះធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បង្ហាញពីវឌ្ឍនភាពនៃកិច្ចសហការពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានឥណទាន។

កិច្ចពិភាក្សាបានផ្តោតលើប្រធានបទសំខាន់ៗដូចជា ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន នវានុវត្តន៍ហិរញ្ញវត្ថុ និងការស្វែងរកកិច្ចសហការថ្មីៗថែមទៀត។

លោកជំទាវបណ្ឌិតទេសាភិបាល បានស្វាគមន៍ចំពោះគម្រោងពង្រីកកិច្ចសហការនេះ និងបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហការពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានឥណទាន ដែលកម្ពុជាសម្រេចបានជាមួយប្រទេសជាដៃគូសក្តានុពល។

ក្នុងនោះលោកជំទាវបណ្ឌិតថ្លែងអំណរគុណ ដល់ធនាគារកណ្តាលចិនសាខាតំបន់ស្វយ័តក្វាងស៊ី ដែលបានគាំទ្រដល់ការដាក់បញ្ចូលប្រាក់រៀល ក្នុងតារាងជួញដូររូបិយប័ណ្ណនៅតំបន់ស្វយ័តក្វាងស៊ី ការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិរៀងខ្លួន ក្នុងការដោះដូរពាណិជ្ជកម្មទ្វេភាគី និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។

ក្នុងជំនួបនេះលោកប្រធាន Chen Jinxiang បានលើកសសើរពីការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការអាកាសយាន្ដដ្ឋានអន្តរជាតិតេជោ។

លោកបានសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយធនាគារជាតិនៃកម្ពុជា នាពេលកន្លងមក និងបានជម្រាបជូនពីគោលបំណងពង្រីកកិច្ចសហការថែមទៀតពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានឥណទាន។

បន្ទាប់ពីជំនួបនេះ លោកជំទាវក៏បានអនុញ្ញាតឱ្យគណៈប្រតិភូជួបពិភាក្សាលម្អិតជាមួយក្រុមការងារធនាគារជាតិនៃកម្ពុជា លើប្រធានបទសំខាន់ៗមួយចំនួនផងដែរ៕