ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដោយមានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមទាំងមានថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការជាច្រើនរូបទៀត។
ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញឱ្យមានការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញ ទៅជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែលម្អឱ្យមានកៅអីអង្គុយសមរម្យសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករនិយោជិត ស្របតាមផែនការជាអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានចង្អុលបង្ហាញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរិះរកយន្តការគាំទ្រ និងការលើកទឹកចិត្តនានា សំដៅធ្វើយ៉ាងណាឱ្យរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករនិយោជិតមានផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧ ជាពិសេសការសម្របសម្រួលរៀបចំឱ្យអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិតទទួលបានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើរថយន្តដឹកជញ្ជូនរបស់ខ្លួន ដែលនេះជាការចូលរួមលើកកម្ពស់ផាសុកភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យកាន់តែប្រសើរជាងមុនជូនដល់កម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនទាំងនោះ៕























