ផ្សារមូលបត្រកម្ពុជា ទទួលចុះបញ្ជីក្រុមហ៊ុនលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) ថ្មីមួយទៀត


សេដ្ឋកិច្ចនៃប្រទេសនីមួយៗ គឺពឹងផ្អែកទៅលើការរីកចម្រើននៃធុរកិច្ច ហើយការរីកចម្រើននៃធុរកិច្ចត្រូវការគាំទ្រពីប្រភពមូលធន រយៈពេលវែង ប្រកបដោយចីរភាព ។ ក្នុងន័យនេះ, ផ្សារមូលបត្រ ពិតជាបានចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការគាំទ្រជាមូលធន លើកស្ទួយសហគ្រាសក្នុងស្រុក, ធុរកិច្ចថ្មី និង សហគ្រិនភាព ព្រមទាំងជួយពង្រឹងពង្រីកសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក្នុងឱកាសក្នុង «ពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក» នៅអគារផ្សារមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែ ធ្នូ ឆ្នំា ២០២៥, ដោយមានការអញ្ជើញចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, បណ្ឌិត ហេង វុទ្ធី ប្រធានសមាគមវិនិយោគចិននៅកម្ពុជា និងជាទីប្រឹក្សាសេដ្ឋកិច្ច សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី, លោក តឹង ចិនយៀក ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក, ឯកឧត្តម លោកជំទាវ, អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុក វិស័យឯកជន ជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និង បង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ។ ជារួម, រាជរដ្ឋាភិបាល តែងតែបានគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍរបស់វិស័យឯកជន តាមរយៈការដាក់ចេញនូវសកម្មភាពគាំទ្រជាច្រើន ក៏ដូចជា ការសម្រួលក្នុងកម្រិតច្បាប់ និង បទបញ្ញត្តិ។

ជាក់ស្តែង, រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» និង «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ដែលជាយន្តការសម្របសម្រួលពិសេស ដែលមានសមាសភាពអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និង ធុរកិច្ច, ក្នុងខេត្តព្រះសីហនុ និង ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា, ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយ និង ការអនុវត្តការងាររួមគ្នាជាកញ្ចប់ ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅធានាប្រសិទ្ធភាព និង តម្លាភាព នៃការអនុវត្តការងារ ។

លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងជាផ្លូវការរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក នាថ្ងៃនេះ មិនត្រឹមតែជាការបើកទំព័រថ្មី សម្រាប់ក្រុមហ៊ុននោះទេ, ប៉ុន្តែ ការណ៍នេះក៏បានបង្ហាញពីមោទនភាព សម្រាប់ទីផ្សារមូលធនរបស់យើងទាំងមូលផងដែរ ។ បន្ថែមពីនេះ, កម្មវិធីនាថ្ងៃនេះ គឺជាឱកាសមួយក្នុងការប្រកាសនូវ ទំនុកចិត្ត តម្លាភាព និង មហិច្ឆតារបស់ក្រុមហ៊ុន តាមរយៈការឈានជើងចូលទៅក្នុងទីផ្សារមូលបត្រ ដោយក្រុមហ៊ុនបានបង្ហាញនូវ ទំនួលខុសត្រូវ, ការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ, ការប្ដេជ្ញាចិត្តក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន រួមទាំងស្តង់ដាអភិបាលកិច្ចសាជីវកម្ម និង ការបង្ហាញព័ត៌មានសាជីវកម្ម ដើម្បីធានាឱ្យបាននូវ តម្លាភាព និង គណនេយ្យភាពរបស់ក្រុមហ៊ុន ក្នុងដំណើរនៃការរីកចម្រើនរបស់ខ្លួនផងដែរ ។

លោក ហុង សុហួរ បានធ្វើបច្ចុប្បន្នភាពទីផ្សារមូលបត្រជូនអង្គពិធី ដោយគិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា បានទទួលក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុប ចំនួន ២៦ ដែលរួមមាន៖ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន ១២ (៩ ក្រុមហ៊ុននៅទីផ្សារគោល និង ៣ ក្រុមហ៊ុននៅទីផ្សារកំណើន) និង ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុល ចំនួន ១៤, ហើយក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ទាំង ២៦ បានប្រមូលមូលធនសរុបពីទីផ្សារមូលបត្រ ក្នុងទំហំប្រមាណជា ៦៥៤ លានដុល្លារអាមេរិក។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្តែងការអបអរសាទរ ចំពោះក្រុមហ៊ុន ក្រោមការដឹកនាំរបស់លោក តឹង ចិនយៀក ប្រធានក្រុមប្រឹក្សាភិបាល និង ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ របស់ក្រុមហ៊ុន ។ ជាមួយនេះ, បណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការល្អ និង ការគាំទ្ររបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមគ្នាសម្រេចបាននូវសមិទ្ធផលថ្មីមួយបន្ថែមទៀត មុនបំណាច់ឆ្នាំ ២០២៥ នេះ។

ដើម្បីពន្លឿនការអភិវឌ្ឍនៃផ្សារមូលបត្រកម្ពុជា ឱ្យបានរីកចម្រើនខ្លាំងក្លា, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានផ្តល់អនុសាសន៍ជំរុញផ្សារមូលបត្រកម្ពុជា ឱ្យបន្តសកម្មភាពចាំបាច់មួយចំនួន រួមមាន៖ ១). ផ្សព្វផ្សាយ និង លើកកម្ពស់ការយល់ដឹង ដល់វិនិយោគិន ជាសាធារណៈជន ដើម្បីបញ្ចៀសនូវអំពើឆបោកក្រោមរូបភាពផ្សេងៗ ជាពិសេសតាមរយៈប្រព័ន្ធអេឡិចត្រូនិក, ២). បន្តគាំទ្រ និង បង្កើនកិច្ចសហការល្អជាមួយភាគីពាក់ព័ន្ធ និងពង្រីកនូវបណ្តាញទំនាក់ទំនង ជាមួយសមាគម និង ដៃគូអភិវឌ្ឍន៍នានា សំដៅទាក់ទាញនូវក្រុមហ៊ុនសក្តានុពល ក្នុងការចុះបញ្ជី, និង ៣). ចាប់ដៃជាមួយនិយ័តករមូលបត្រកម្ពុជា ដើម្បីបង្កើតនូវផលិតផលហិរញ្ញវត្ថុថ្មីៗ សំដៅទាក់ទាញក្រុមហ៊ុនចុះបញ្ជី ក៏ដូចជាបង្កើននូវជម្រើសវិនិយោគ ដល់វិនិយោគិនស្ថាប័ន ដែលមានឥទ្ធិពល៕