អភិបាលខេត្តបាត់ដំបង ណែនាំរដ្ឋបាលស្រុកជាប់ព្រំដែន ចាត់ចែង និងត្រៀមជម្លៀសប្រជាពលរដ្ឋទៅកាន់ទីកន្លែងសុវត្ថិភាព


ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមដោយ លោក អភិបាលរង លោកនាយករដ្ឋបាលសាលាខេត្ត លោក លោក ស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី លោក អភិបាល ក្រុង-ស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ក្នុងឱកាសនេះឯកឧត្តម សុខ លូ បានផ្សព្វផ្សាយបន្តអំពីសេចក្តីជូនដំណឹង របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការចាត់វិធានការ ការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ អធិបតេយ្យជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមុខសភាពការណ៍ឈ្លានពានពីសំណាក់យោធាថៃ ដើម្បីគ្រប់គ្រងសភាពការណ៍តាមព្រំដែន និងឆ្លើយតបនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ ព្រមទាំងធានាការពារនូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមថែរក្សាការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ បានណែនាំដល់រដ្ឋបាលស្រុកជាប់ព្រំដែន អំពីការត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋទៅកាន់ទីកន្លែងសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេចក្នុងករណីមានបញ្ហាប្រឈមកើតឡើង និងត្រូវយកចិត្តទុកដាក់តាមដានស្ថានភាព និងរក្សាសុខសុវត្ថិភាព និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម សុខ លូ បានណែនាំមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋាន ព្យាយាមតាមដានក្តាប់ព័ត៌មានពិត ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម នាំឱ្យពលរដ្ឋភាន់ច្រឡំ និងមានការភ័យខ្លាចដើម្បីបញ្ចៀសភាពចលាចលផ្សេងៗ។

គួររំលឹកផងដែរ ដោយចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា ក្នុងគោលបំណងឈ្លានពាន មកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយបាន ប្រើប្រាស់អាវុធធុនធ្ងន់ យន្តហោះចម្បាំង និងផ្សែងពុល ហើយបន្តអូសបន្លាយមកដល់ពេលបច្ចុប្បន្ន។

កម្ពុជាប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕