រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានអំពាវនាវដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្រុមហ៊ុន រោងចក្រ សហគ្រាស សណ្ឋាគារ អាជីវករ ពាណិជ្ជករ និងសប្បុរសជននានា ឱ្យចូលរួមបរិច្ចាគមូលនិធិខេត្តព្រៃវែង សម្រាប់គាំទ្រសមរភូមិជួរមុខដើម្បីជួយដល់កងទ័ពកម្ពុជា កំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិពីការឈ្លានពានរបស់សត្រូវ រួមទាំងមានជនភៀសសឹកជាច្រើនដែលកំពុងជម្លៀសខ្លួនទៅកាន់ មណ្ឌលសុវត្ថិភាពនានា ដែលត្រូវការជំនួយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួម ជាមួយរដ្ឋបាលខេត្ត ជួយបរិច្ចាគ ឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ សម្ភារបរិក្ខាពេទ្យ ថ្នាំសង្កូវ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឱ្យបានស្ថិតស្ថេរគង់វង្សជានិរន្តរ៍។
រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណ និងមានក្តីសង្ឃឹមជឿជាក់លើស្មារតីស្នេហាជាតិ កម្លាំង សាមគ្គីភាព និងការលើកទឹកចិត្តពីសំណាក់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមជួយឧបត្ថម្ភបរិច្ចាគប្រកបដោយទឹកចិត្តសប្បុរសជាក់ជាពុំខាន៕



