ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិ ដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ (ក.ជ.ស.) និងផ្ដល់នូវអនុសាសន៍ណែនាំ


នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា (ក.ជ.ស.) ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ ក.ជ.ស., ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ លោកសាស្ត្រាចារ្យ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ ក.ជ.ស. ព្រមទាំងលោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងប្រសាសន៍បើកកិច្ចប្រជុំ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា កិច្ចប្រជុំលើកទី១នេះ និងក៏ជាកិច្ចប្រជុំប្រចាំឆ្នាំផងដែរ ដើម្បីត្រួតពិនិត្យនូវស្ថានភាពរួម និងវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ស្របតាមព្រះរាជក្រឹត្យស្ដីពីការផ្ដល់ឋានៈសាស្ត្រាចារ្យ និងដើម្បីកំណត់នូវទិសដៅការងារ ក្នុងគោលបំណងលើកកម្ពស់គុណវុឌ្ឍិ និងគុណតម្លៃរបស់សាស្ត្រាចារ្យ ក៏ដូចជាគ្រូបង្រៀន ដើម្បីរួមចំណែកអភិវឌ្ឍការបណ្តុះបណ្ដាលធនធានមនុស្សនៅតាមគ្រឹះស្ថានឧត្តមសិក្សាឱ្យមានគុណភាពខ្ពស់ ស្របតាមទិសដៅនៃការកសាងនិងអភិវឌ្ឍមូលធនមនុស្សកម្ពុជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងការកោតសរសើរចំពោះឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ព្រមទាំងឯកឧត្តមអនុប្រធាន និងសមាជិក នៃ ក.ជ.ស. ដែលបានខិតខំជំរុញការងារផ្តល់ឋានៈសាស្ត្រចារ្យនេះប្រកបដោយការទទួលខុសត្រូវ ក្នុងរយៈកាលកន្លងមក ទាំងក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាជាតិ និងក៏ដូចជាក្នុងក្របខ័ណ្ឌនៃក្រសួងអប់រំ យុវជន និងកីឡា និងនៅតាមក្រសួងវិស័យជំនាញរបស់ខ្លួន ដូចជាវិស័យសុខាភិបាល និងកសិកម្មជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបញ្ជាក់ផងដែរអំពីតួនាទីរបស់ក្រុមប្រឹក្សាជាតិ ក.ជ.ស. ក្នុងការពង្រឹងគុណភាពនៃការផ្ដល់ឋានៈសាស្ត្រាចារ្យ តាមរយៈការវាយតម្លៃ លក្ខខណ្ឌនៃការជ្រើសរើស និងការពិនិត្យផ្ទៀងផ្ទាត់ច្បាស់លាស់លើគុណភាពនៃការប្រឡងជ្រើសរើសសាស្ត្រាចារ្យ ដើម្បីធានាបាននូវគុណតម្លៃរបស់សាស្ត្រាចារ្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្ដល់នូវអនុសាសន៍ណែនាំ និងតម្រង់ទិសអាទិភាពការងារចំពោះមុខមួយចំនួនរបស់ ក.ជ.ស. ដើម្បីឈានទៅអនុវត្តការងារបច្ចេកទេសផ្សេងៗទៀត ដូចជាការរៀបចំរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាននៃ ក.ជ.ស. បទបញ្ជាផ្ទៃក្នុង ការបង្កើតគណៈកម្មការជំនាញតាមវិស័យ និងការរៀបចំគោលការណ៍ណែនាំស្តីពីការវាយតម្លៃ ការជ្រើសរើស និងការផ្តល់ឋានៈសាស្ត្រាចារ្យតាមវិស័យជាដើម។ បន្ថែមលើនេះ ក៏ត្រូវគិតគូរអំពីក្របខ័ណ្ឌនៃការរៀបចំ Expert Group ដើម្បីជាយន្តការត្រួតពិនិត្យពីការវាយតម្លៃ ជ្រើសរើស និងផ្ដល់ឋានៈសាស្ត្រាចារ្យ ដើម្បីឱ្យដំណើរការផ្ដល់ឋានៈនេះ ប្រកបដោយភាពហ្មត់ចត់ មានគុណភាព និងធានាឱ្យបាននូវគុណវុឌ្ឍិនិងគុណតម្លៃនៃសាស្ត្រាចារ្យ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរ ពីការរៀបចំក្របខ័ណ្ឌនៃសហគមន៍ស្រាវជ្រាវ (Research Community) និងអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រនិងវប្បធម៌ ដែលមានភាពប្រទាក់ក្រឡាគ្នាជា Research Ecosystem ក្នុងការចូលរួមក្នុងការពង្រឹងនិងលើកកម្ពស់ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ សម្រាប់ជាគុណប្រយោជន៍របស់ប្រទេសជាតិ៕