ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំប្រតិភូបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងបណ្តាដៃគូអភិវឌ្ឍន៍ ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងស្តារប្រព័ន្ធធារាសាស្ត្រក្រពើទ្រោម ក្នុងខេត្តកំពង់ស្ពឺ


នៅថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោកស្រី Xiaolan Wang និងលោកបណ្ឌិត Rajesh Yadav ព្រមទាំងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងមូលនិធិអាកាសធាតុបៃតង(GCF) មន្ត្រីជំនាញជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោង បានអញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងស្តារប្រព័ន្ធធារាសាស្ត្រក្រពើទ្រោមដែលមានប្រភពទឹកពីអន្លង់ជ្រៃហូរចាក់តាមស្ទឹងក្រាំងពន្លៃ ស្ថិតក្នុងក្រុងឧតុង្គសែនជ័យ ខេត្តកំពង់ស្ពឺ។

សូមជម្រាបថា គម្រោងស្តារប្រព័ន្ធធារាសាស្ត្រក្រពើទ្រោម គឺជាផ្នែកមួយនៃគម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់(CAISAR) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលធ្វើការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ដ្រឱ្យមានលក្ខណៈទំនើបកម្ម និងគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើដល់ផលប្រយោជន៍របស់បងប្អូនប្រជាកសិករ និងដើម្បីបញ្ចៀសទឹកជំនន់នៅតាមបណ្ដាខេត្តអនុវត្តន៍គម្រោង។ គម្រោងនេះក៏ផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់ប្រជាជនក្នុងតំបន់ តាមរយៈការផ្គត់ផ្គត់ទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដោយជួយបង្កើនរដូវដាំដុះ និងបង្កើនសេដ្ឋកិច្ចគ្រួសារ។

ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងមន្ទីរធនធានទឹក និងឧតុនិយមតាមខេត្តគោលដៅ ត្រូវយកចិត្តទុកដាក់ និងសហការខ្ពស់ចំពោះការងារប្រតិបត្តិការអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីមន្ត្រីជំនាញចុះអនុវត្តន៍កិច្ចការបានល្អ និងរលូន ជាពិសេសម្របសម្រួលលើកិច្ចការងារបរិស្ថាននិងសង្គមឱ្យបានល្អប្រសើរ កាត់បន្ថយហានិភ័យជាអតិបរមាឬការរំខានដល់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ៕