(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក សៅ វីរៈដារ៉ា មានជន្មាយុ២៧ឆ្នាំ ជាយោធិន នៅកងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ពជើងគោក នៅវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
លោកព្រិន្ទបាលឯក សៅ វីរៈដារ៉ា បានពលីជីវិតដ៏អង់អាចក្លាហាន នៅលើសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងខ្សែបន្ទាត់ព្រំដែន ពីទង្វើរឈ្លានពានយ៉ាងគឃ្លីនរបស់កងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។
មរណភាពរបស់លោកព្រិន្ទបាលឯក សៅ វីរៈដារ៉ា គឺជាការបាត់បង់ដ៏ធំធេងនូវស្វាមី ជាឪពុកបង្កើត ជាបងប្រុស និងញាតិមិត្តនៃក្រុមគ្រួសារ ប្រកបទៅដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរជន យោធាជួរមុខស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលមានគុណូបការៈដ៏ធំធេង ក្នុងការវាយប្រយុទ្ធនៅលើសមរភូមិ ពីខ្មាំងសត្រូវសៀមឈ្លានពាន ដើម្បីការពារជាតិមាតុភូមិជាទីស្នេហា។
វីរភាពដ៏អង់អាចក្លាហាន និងពលិកម្មដ៏ធំធេងរបស់លោកព្រិន្ទបាលឯក សៅ វីរៈដារ៉ា គឺជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ សាសនា ព្រះមហាក្សត្រ ដែលយើងទាំងអស់គ្នា រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន សូមកត់ត្រា និងចងចាំទុក នូវគុណូបការៈដ៏ធំធេងនេះ។
ស្ថិតក្នុងក្ដីវិយោគដ៏សែនសោកសង្រេងនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសូមចូលរួមរំលែកទុក្ខដ៏ក្រៀមកក្រំ និងដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកព្រិន្ទបាលឯក សៅ វីរៈដារ៉ា សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងនោះឯកឧត្តម ឃួង ស្រេង បាននាំយកនូវថវិកាចំនួន១០លានរៀល ចូលរួមបុណ្យដល់ក្រុមគ្រួសារ សពលោកព្រិន្ទបាលឯក សៅ វីរៈដារ៉ា ផងដែរ៕




















