ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការ សម្រាប់ប្រជាពលរដ្ឋចិនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ជាមួយលោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន, លោក-លោកស្រី អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង ចំនួន៩ នៃសាធារណរដ្ឋប្រជាមានិតចិន និងអនុព័ន្ធទេសចរណ៍ប្រចាំប្រទេសចិន ព្រមទាំងអនុព័ន្ធពាណិជ្ជកម្មប្រចាំទីក្រុងប៉េកាំង ព្រមទាំងការចូលរួមពីលោក-លោកស្រី ពីនាយកដ្ឋានជំនាញ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom Meeting)។
កិច្ចប្រជុំពិភាក្សា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ត្រូវបានប្រតិបត្តិតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយទទួលបានការអនុញ្ញាតពីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សូមបញ្ជាក់ថា តាមសំណើរបស់ក្រសួងទេសចរណ៍ សភាពាណិជ្ជកម្មកម្ពុជា និងនៅក្នុងក្របខ័ណ្ឌនៃក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងយោងគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានអនុញ្ញាត ដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន៕














