រដ្ឋមន្រ្តី ហួត ហាក់៖​ ការហោះត្រង់ពីទីក្រុង Istanbul មករាជធានីភ្នំពេញ របស់ក្រុមហ៊ុន Turkish Airlines ជាសមិទ្ធផលថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េ និងលោក Bilal Ekşi នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប ចូលរួមកម្មវិធីសម្ពោធការហោះហើរត្រង់ដំបូងគ្នារវាងទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ និងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាអាកាសយានដ្ឋានអន្តរជាតិតេជោ។

សមិទ្ធិផលប្រកបដោយផ្លែផ្កា និងមានសារៈសំខាន់នេះ គឺអាចសម្រេចបានតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមយ៉ាងសកម្ម និងពុំចេះនឿយហត់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាប្រព័ន្ធជវភាពនៃតួអង្គតែមួយ ចាប់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចក្រោមដំបូលរាជរដ្ឋាភិបាល កិច្ចសហប្រតិបត្តិការដ៏ល្អពីរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីយ៉េ លោកជំទាវឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ។

តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរជាមួយគោលដៅជាង៣៥០កន្លែង ក្នុង១៣០ប្រទេសជុំវិញពិភពលោកមួយនេះ សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា នឹងត្រូវបានយកទៅផ្សព្វផ្សាយជុំវិញពិភពលោក ហើយនឹងនាំមកនូវភ្ញៀវទេសចរ និងវិនិយោគិនពីគ្រប់ទិសទីនៃពិភពលោកមកកាន់កម្ពុជាយ៉ាងពិតប្រាកដ។