អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម បានធ្វើពិធីទទួលពីសប្បុរសជននានា និងប្រគល់អំណោយអំណោយទាំងនោះ ឧបត្ថម្ភដល់នាយទាហាន ពលទាហាន យោធភូមិភាគ២ ប្រចាំព្រំដែនកម្ពុជា-ថៃ។
គ្រឿងឧបភោគបរិភោគ ដែលរដ្ឋបាលខេត្ត បានឧបត្ថម្ភដល់កងទ័ពជួរមុខអ្នកឱកាសនោះ មានដូចខាងក្រោមនេះ៖
ត្រីខកំប៉ុងចំនួន១០០កេសធំ, ខ្ទឹមសរចំនួន១០០គីឡូក្រាម, អំបុកខ្មែរ ចំនួន១,៥០០កញ្ចប់ ស្មើនឹង១,៥០០គីឡូក្រាម, ឆៃពៅ ចំនួន១០០គីឡូក្រាម, ត្រសក់ចាវ ចំនួន១២០គីឡូក្រាម, ត្រីប្រឡាក់ ចំនួន១,០០០គីឡូក្រាម, ប្រេងឆា ចំនួន១,០០០លីត្រ (ក្នុង១កាដុង៥លីត្រ), ស្ករស ចំនួន១០០គីឡូក្រាម, អំបិល ចំនួន៣០០គីឡូក្រាម, ប៊ីចេង ចំនួន៥០គីឡូក្រាម, អង្ករ ចំនួន១០តោន, មី ចំនួន៣០០កេស, សាច់ស្រស់ចំនួន២កេសធំ, បន្លែផ្លែឈើ និងសាច់ស្រស់មួយចំនួនធំ, អំពូលសូឡាចំនួន៥០ឈុត និងថវិកាសរុប ចំនួន៤០,០០០,០០០រៀល។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ក្នុងនាមប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមទាំងគ្រឿងឧបភោគបរិភោគ ទាំងថវិកា ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី យ៉ាងអង់អាចក្លាហាន។ ម្យ៉ាងទៀត នេះគឺជាការរួមចំណែកទាំងអស់គ្នា ក្នុងស្មារតីខ្មែរជួយខ្មែរ នៃមហាសាមគ្គីជាតិ ធ្វើយ៉ាងណាដើម្បីឲ្យបងប្អូន កងទ័ពជួរមុខទាំងអស់ មានទឹកចិត្តក្លាហានមោះមុតក្នុងការការពារនូវបូរណភាពទឹកដីរបស់យើង៕











