សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើលិខិតជូនពរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសារលិខិតជូនពរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរនៃពិធីចម្រើនជន្មាយុ។

នៅក្នុងសារលិខិតមានខ្លឹមសារយ៉ាងដូច្នេះថា៖​ ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរនៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូម សម្តែងនូវិមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហា ប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏អធិកអធមនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តម និងសូមកោតសរសើរប្រកបដោយមោទកភាពជាទីបំផុតចំពោះគំរូវីរភាព ដ៏ឆ្នើមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលតែងតែលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី យមិនខ្លាចនឿយហត់ និងបទពិសោធប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំបេសកកម្មដើម្បីមនុស្សធម៌ ដ៏ឧត្តុង្គឧត្តមរបស់ចលនាកាកបាទក្រហមកម្ពុជា ឱ្យទទួលបានជោគជ័យដ៏ធំធេង និងសមិទ្ធផលសង្គមជាច្រើន ឥតគណនា ដើម្បីឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ សំដៅលើកកម្ពស់កិត្យានុភាពជាតិ កាត់បន្ថយភាពក្រីក្រ ជំរុញសេចក្តីថ្លៃថ្នូរ កិត្តិយស មុខមាត់ និងតួនាទីស្ត្រីកម្ពុជាឱ្យមានការទទួលស្គាល់ និងឱកាសកាន់តែ ទូលំទូលាយនៅក្នុងសង្គម។

ជាងនេះទៅទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាឥស្សរជននារីកម្ពុជាដ៏ល្បីល្បាញ ព្រមទាំងបានរួមស្នាជាមួយ សម្តេចតេជោ ហ៊ុន សែន គ្រប់ដំណាក់កាល គ្រប់ស្ថានការណ៏ ក្នុងការដឹកនាំ ឱ្យរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ និងលើកកម្ពស់កិត្យានុភាពកម្ពុជាឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ។ ប្រទេសជាតិឱ្យសម្រេចបានសុខសន្តិភាពពេញលេញ បូរណភាពទឹកដ៏រឹងមាំគង់វង្ស ការអភិវឌ្ឍប្រទេសជាតិ

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវាមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃភាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីយើង ខ្ញុំទាំងអស់គ្នា៕