ឆ្លៀតក្នុងឱកាសដ៏មមាញឹក ដែលប្រទេសជាតិកំពុងកើតមានបញ្ហា ជាមួយពួកចោរសៀមឈ្លានពាន និងដើម្បី បង្កើនការសាមគ្គីភាពខ្មែរតែមួយ នៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណប្រតិភូរដ្ឋបាលខេត្តតាកែវ នាំយក មូលនិធិបេះដូងមហាគ្រួសារខ្មែរ ខេត្តតាកែវ ប្រគល់ជូន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សម្រាប់ចូលរួមជួយឧបត្ថម្ភសម្ភារៈ គ្រឿងឧបភោគ បរិភោគ ជូនដល់វីរកងទ័ពខ្មែរជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បាននាំយកអំណោយសប្បុរសធម៌ របស់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តតាកែវ មកជូន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយចោរសៀមឈ្លានពាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកដោយការឈ្លានពានរបស់ចោរសៀមចំនួន ៨រថយន្ត ( រថយនចំណុះ ៣តោនចំនួន ២គ្រឿង, រថយន្តចំណុះ ៥តោនចំនួន ៥គ្រឿង, រថយន្ត pick up ចំនួន ១គ្រឿង ) សម្ភារៈរួមមាន៖ អង្ករ ១៩,៧តោន, អំបុក ៦,៩៥តោន, មី ១,៤៧៦ កេស, ពងទាសាប ៤,៤៨០គ្រាប់, ពងទាប្រៃ ២៨៧គ្រាប់, បន្លែ ផ្អក ប្រហុក ទឹកត្រី ទឹកស៊ីអុីវ ទឹកបរិសុទ្ធ បាយក្តាំង នំក្មេងៗ អាវរងា មុង ភួយ ក្រម៉ា បារីចំនួន ១ប៊ិច និង សម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនធំ ៕


