ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប រួមទាំងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសាលាហ្គោគ្លីប៊ល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគដល់កងកម្លាំងជួរមុខ ដែលជាអំណោយទទួលបានពីសប្បុរសជន។
ក្នុងឱកាសនោះ ឯកឧត្តម លី សំរិទ្ធ បានថ្លែងអំណរគុណពីទឹកចិត្តស្មារតីសេ្នហាជាតិ ក្នុងការបូជាពលីជីវិត ដើមី្បការពារបូរណៈភាពទឹកដី និងសេចក្តីសុខដល់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានបួងសួងដល់វត្ថុស័ក្តសិទ្ធ ពិសេសបារមីព្រះអង្គចេកព្រះចម លោកយាយទេព តាដំបងដែក លោកតារាជ្យ ព្រះអង្គគោកធ្លក ព្រះអង្គធំ ខ្នងភ្នំគូលែន និងទេវតាថែរក្សានៅតាមប្រាង្គប្រាសាទ ជួយតាមថែរក្សាដល់កងកម្លាំងជួរមុខ ឲ្យជួបតែសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់សមរភូមិ។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមឧបត្ថម្ភ តាមរយៈរដ្ឋបាលសាលាខេត្ត ដើម្បីត្រៀមរៀបចំបែងចែកជូនបងប្អូនកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្ត។
សូមជម្រាបថា ក្រុមការងារនៃរដ្ឋបាលសាលាខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រងចាំទទួលអំណោយពីសប្បុរសជន ខណៈសប្បុរសជនជាច្រើន បាននិងកំពុងបន្តនាំយកអំណោយមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំបែងចែកជនកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកផងដែរ៕

















