អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រៀបចំកញ្ចប់អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រៀមយកចែកជូនជនភៀសសឹក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប


ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីគយ និងរដ្ឋាករមួយចំនួន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួមរៀបចំវេចខ្ចប់អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន និងថវិកាមួយចំនួន សម្រាប់នាំយកទៅចែក ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៣០០០ កញ្ចប់ (Kits) ដែល ១កញ្ចប់សម្រាប់១គ្រួសារ។

អំណោយទាំងអស់នេះសរុបរួមមាន ភួយ ៣ ០០០, មុង ៣ ០០០, ទឹកស៊ីអ៊ីវរូបគោ ៦ ០០០ដប, ត្រីខកំប៉ុង ១៥០កេស ស្មើនឹង ១៥០០០ កំប៉ុង, ទឹកដោះគោខាប់ ៣១៣ កេស ស្មើនឹង ១៥០០០ កំប៉ុង, ទឹកដោះគោស្រស់ម៉ាក Angkor Milk (១កេស=១២ យួរ, ១យួរ=១២ កំប៉ុង) ២៥០ កេស ស្មើនឹង ៣ ០០០ យួរ, មីកញ្ចប់ (ខ្លាឃ្មុំ) ១កេស, កាហ្វេកញ្ចប់ ៣០០០០ កញ្ចប់តូច, ច្រាសដុសធ្មេញ-ថ្នាំដុសធ្មេញ (១ឈុត ច្រាសដុសធ្មេញ ២, ថ្នាំដុសធ្មេញ១) ៣ ០០០ ឈុត, សាប៊ូដុសខ្លួន ៣ ០០០ដុំ, ម្សៅសាប៊ូម៉ាក Lix ៣ ០០០កញ្ចប់, សំឡីអនាម័យ ៣ ០០០ដុំ, ឆៃប៉ូវផ្អែម ១ ៥០០គីឡូក្រាម, ពងទាប្រៃស្ងោររួច ១៥ ០០០គ្រាប់, ទឹកក្រូច Coca និង Ize Cola ៦២៥ កេស ស្មើនឹង ១៥ ០០០កំប៉ុង, សារ៉ុង ៣ ០០០សំពត់, អាវរងា 3000 អាវ និងថវិកា ១៥០ លានរៀល (ក្នុង១គ្រួសារ ៥០០០០រៀល)។

អំណោយទាំងនេះ នឹងត្រូវដឹកទៅចែកជូនជនភៀសសឹកនាថ្ងៃអង្គារ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប បន្ទាប់ពីបានទទួលការសម្របសម្រួលពីរដ្ឋបាលខេត្ត។

គួរបញ្ជាក់ផងដែរថា កន្លងមកក្នុងឆ្នាំ ២០២៥ នេះ, ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ជាមធ្យោបាយធ្វើដំណើរសម្ភារៈ/បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីចែកជូនវីរកងទ័ព និងប្រជាជនភៀសសឹកចំនួន ៦ លើក រួចមកហើយ រួមមាន៖ លើកទី១ ជូនកងពលធំអន្តរាគមន៍លេខ២ នៅខេត្តសៀមរាប ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងវីរកងទ័ពជួរមុខឈរជើងក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ចំនួន ៨ អង្គភាព; លើកទី២ ជូនកងកម្លាំងប្រដាប់អាវុធ និងវីរកងទ័ពដែលកំពុងឈរជើង នៅតាមបណ្ដោយព្រំដែនខេត្តព្រះវិហារ; លើកទី៣ ជូនវីរកងទ័ពជួរមុខដែលកំពុងត្រៀមប្រយុទ្ធនឹងទាហានថៃ ដែលឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា និងជូនប្រជាជនភៀសសឹកចំនួន ៤,០០០គ្រួសារ ដែលគេចចេញមកទីសុវត្ថិភាពនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ; លើកទី៤ ជូនកងពលធំអន្ដរាគមន៍លេខ ២; លើកទី៥ ជូនកងពលធំអន្ដរាគមន៍លេខ ៣ (ប្រចាំទិសព្រះវិហារ) និង លើកទី៦ ជូនកងពលធំអន្ដរាគមន៍លេខ ២, កងពលធំអន្ដរាគមន៍លេខ ៣, កងពលតូចលេខ ៨ និង កងពលតូចថ្មើរជើងលេខ ៤២ ដែលកំពុងឈរជើងប្រចាំការក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនជាមួយថៃ៕