ឯកឧត្តម មាស សុភា នាំអំណោយប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ និងចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាព វត្តពើងអង្កាម ស្ថិតក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ


ឯកឧត្តម មាស សុភា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ និងឯកឧត្តម យស ផានីត្តា សមាជិកព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ថវិកា និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅតាមបណ្ដាមណ្ឌលសុវត្ថិភាពទូទាំងខេត្តព្រះវិហារ។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម មាស សុភា ឯកឧត្តម យស ផានី និងគណៈប្រតិភូទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ចុះមកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លាទាំងនេះ។លោកអភិបាលខេត្តថ្លែងបន្តទៀតថា៖ការយកចិត្តទុក្ខដាក់នេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយការលំបាក និងផ្ដល់ភាពកក់ក្ដៅដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។

ជាមួយគ្នានេះដែរឯកឧត្តមតំណាងរាស្ត្រ មាស សុភា ក៏បានដឹកនាំប្រតិភូបន្តចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ មានធុងទឹក ត្រីខ អង្ករ និងទឹកស៊ីអុីវ ចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែមានជ័យ ខេត្តព្រះវិហារផងដែរ៕