រដ្ឋមន្ត្រីវប្បធម៌៖ ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌ ដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់


«ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។ យើងសង្ឃឹមថាបណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង»។ នេះជាការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ការថ្លែងរបស់លោកជំទាវ បានធ្វើឡើងបន្ទាប់ពី យោធាឈ្លានពានថៃ បានបំផ្លាញប្រាសាទតាក្របី និងប្រាសាទព្រះវិហារ។

ថ្លែងក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៦ និងការប្រមូលមូលនិធិវប្បធម៌ គាំទ្រដល់វីរកងទ័ព និងជនភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានកត់ចំណាំការបំផ្លាញទាំងនេះថា ជាមេរៀនប្រវត្តិសាស្ត្រដែលយើងនឹងចារ្យតកូនតចៅ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តថា នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួបរួមកម្លាំងសាមគ្គីគ្នាជាកម្លាំងតែមួយ និងបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃយើង។

ក្នុងឱកាសនោះ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានរួមចំណែកចូលរួមជួយខណៈប្រទេសយើងកំពុងជួបវិបត្តិឈ្លានពានផងនេះផងដែរ៕