ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានបន្តទទួលអំណោយពីសប្បុរសជនដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និងជួយដល់ជនភៀសសឹក។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងអំណរគុណជូនចំពោះ សប្បុរសជនដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ មកប្រគល់ជូនយុវជនគណបក្សថ្នាក់កណ្តាល សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក។
ឯកឧត្តមបណ្ឌិតបន្តថា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត និងបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានអំពាវនាវដល់យុវជនដែលទំនេរពីការសិក្សា និងធ្វើការឆ្លៀតពេលជួយរៀបចំវិចខ្ចប់សម្ភារសម្រាប់កងកម្លាំងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹកឱ្យបានឆាប់និងទាន់ពេលវេលាដែលទីតាំងវិចខ្ចប់ធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា( វិមាន៧មករា) រាជធានីភ្នំពេញ៕
































