ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម នាំយកអំណោយតង់កៅស៊ូរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចែកជូនពលរដ្ឋភៀសសឹកខ្វះខាត


បាត់ដំបង៖ ដោយមើលឃើញពីស្ថានភាពប្រទេសស្ថិតក្នុងការលំបាក ព្រមទាំងកំណើនបងប្អូនប្រជាពលរដ្ឋភៀសសឹកកើនឡើង, នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនតង់កៅស៊ូចំនួន ១០,០០០តង់ ប្រគល់ជូនឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការជូនរាជរដ្ឋាភិបាល ដើម្បីចែកជូនបងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅតាមបណ្តាមណ្ឌលសុវត្ថិភាព ដោយក្នុងនោះ ខេត្តបាត់ដំបងទទួលបាន ២,០០០តង់។

បន្ទាប់ពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចាត់តាំងក្រុមការងារ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តបែងចែកតាមមណ្ឌលសុវត្ថិភាពជូនបងប្អូនភៀសសឹកសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលប្រជាពលរដ្ឋប្រសិទ្ធនាមជាមាតាមនុស្សធម៌ ប្រធានកាកបាទក្រហមកម្ពុជា ដែលជាអង្គការមនុស្សធម៌គ្មានព្រំដែន ពិតជាតក់ស្លុតយ៉ាងខ្លាំងចំពោះទុក្ខ សោក និងក្តីវេទនារបស់ប្រជាពលរដ្ឋខ្មែរជាជនភៀសសឹក ព្រោះការបន្តឈ្លានពានរបស់កងទ័ព ថៃនាពេលនេះ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាជនគ្រប់កាលៈទេសៈ ពិសេសក្នុងពេលមានសង្គ្រាមឈ្លានពាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានឧបត្ថម្ភដល់ជនភៀសសឹកនូវអំណោយមនុស្សធម៌ជាបន្តបន្ទាប់ទៅតាមមណ្ឌលសុវត្ថិភាពជនភៀសសឹក។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា តាមរយៈអំណោយតង់កៅស៊ូនេះ ពិតជាមានសារៈសំខាន់សម្រាប់ជនភៀសសឹកប្រើប្រាស់ ដើម្បីជាជម្រកមួយសមរម្យទៅតាមមណ្ឌលសុវត្ថិភាព ក្នុងការពារពីអាកាសធាតុដលកុមារ និងស្រ្តីមានផ្ទៃពោះ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា ក្រៅពីតង់កៅស៊ូ ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានបញ្ជូលអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋភៀសសឹករាប់ម៉ឺនគ្រួសារតាមបណ្តាខេត្តដែលមានមណ្ឌលសុវត្ថិភាព ដើម្បីរួមចំណែក និងដោះស្រាយការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ដូចចា អង្ករ, គ្រឿងឧបភោគ បរិភោគ, ឃីតជាសម្ភារៈប្រើប្រាស់ចាំបាច់ និងថ្នាំសង្កូវជាដើម។

ជាចុងក្រោយ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក សូមស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ៕