ធនាគារ អេស៊ីលីដា ភីអិលស៊ី ឧបត្ថម្ភថវិកាចំនួន ១០០ លានរៀល សម្រាប់ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភៀសសឹក ជាពិសេសសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាម


នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសំណេះសំណាល និងទទួលថវិកាឧបត្ថម្ភពីធនាគារ អេស៊ីលីដា ភីអិលស៊ី ដឹកនាំដោយ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភៀសសឹក ជាពិសេសសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាម និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានបង្ហាញនូវស្មារតីខ្មែរជួយខ្មែរ និងការទទួលខុសត្រូវសង្គមខ្ពស់ តាមរយៈការឧបត្ថម្ភថវិកាចំនួន ១០០,០០០,០០០រៀល នាពេលនេះ ដែលថវិកានេះក្លាយជាចំណែកយ៉ាងសំខាន់មួយក្នុងការជួយសម្រាលទុក្ខលំបាករបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភៀសសឹក ព្រមទាំងជួយគាំទ្រដល់ការរៀបចំបន្ទប់រៀនបណ្តោះអាសន្ន និងការស្តារឡើងវិញនូវសាលារៀនដែលបានរងផលប៉ះពាល់ឱ្យមានដំណើរការឡើងវិញនាពេលខាងមុខ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នឹងនៅតែបន្តទទួលរាល់សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈចាំបាច់នានា ពីសប្បុរសជនទាំងអស់ ដើម្បីបន្តដឹកជញ្ជូនទៅដល់ខេត្តដែលរងផលប៉ៈពាល់ជាបន្តបន្ទាប់៕