ក្រសួងការពារជាតិ៖ សកម្មភាពឈ្លានពានរបស់យោធាថៃ បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ជនស៊ីវិលកម្ពុជា បាត់បង់ជីវិតកើនឡើង ១៧ នាក់ (ទារក ១ នាក់) និងរងរបួស ៧៧ នាក់


(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលកម្ពុជា បានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១៧ នាក់ (ទារក ១ នាក់) និងជនស្លូតត្រង់ចំនួន ៧៧ នាក់ បានរងរបួស។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ ព្រមទាំងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃ ដែលបានប្រព្រឹត្តឡើងម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃ ទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ។

កម្ពុជាអំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងរាល់សកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាក៏អំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ៕