EuroCham៖ វិស័យដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់កម្ពុជា «នៅតែដំណើរការធម្មតា» ទោះមានភាពតានតឹងព្រំដែនកម្ពុជា-ថៃ


(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារ១៦ធ្នូនេះ ដោយអះអាងថា វិស័យដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់នៅតែដំណើរការជាធម្មតា ទោះបីជាមានការព្រួយបារម្ភអំពីភាពតានតឹងដែលកើនឡើងរវាងកម្ពុជា និងថៃក៏ដោយ។

ផ្អែកលើការពិគ្រោះយោបល់ជាមួយសមាជិកក្នុងវិស័យដឹកជញ្ជូន និងភស្តុភារ EuroCham បានបញ្ជាក់ថា មកទល់ពេលនេះមិនទាន់មានការរាយការណ៍អំពីការរាំងស្ទះណាមួយចំពោះចរាចរណ៍ទំនិញចេញ-ចូលកម្ពុជាឡើយ ទាំងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ការចូលចតនៅកំពង់ផែ និងការដឹកជញ្ជូនបន្ត។ ទោះយ៉ាងណា ការផ្គត់ផ្គង់ និងតម្លៃប្រេងឥន្ធនៈនឹងត្រូវតាមដានយ៉ាងដិតដល់។

EuroCham ក៏បានកត់សម្គាល់ផងដែរថា វិធានការរបស់ថៃក្នុងការកំណត់ «តំបន់ហានិភ័យខ្ពស់» គឺផ្តោតលើការរឹតបន្តឹងនាវាដែលដោតទង់ជាតិថៃប៉ុណ្ណោះ ហើយមិនមែនជាការបិទផ្លូវទូទៅ ដែលប៉ះពាល់ដល់ការដឹកជញ្ជូនរបស់ប្រទេសទីបីឡើយ ស្របតាមសិទ្ធិនៃការធ្វើនាវាចរណ៍ ក្រោមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

ជាមួយគ្នានេះ EuroCham បានប្រកាសគាំទ្រយុទ្ធនាការរៃអង្គាសប្រាក់របស់ UNICEF Cambodia ដើម្បីផ្តល់ជំនួយមនុស្សធម៌ចាំបាច់ ដូចជាអាហារ និងសេវាសុខភាព ដល់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះនេះផងដែរ៕