(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពានដោយខ្មាំងសត្រូវនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
ទី១៖ ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ
ទី២៖ ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន
ទី៣៖ ករណីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា
ទី៤៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដានចាត់ចែង និងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អប្រសើរ ក្នុងករណីពិនិត្យឃើញមានជនណាបំពាននូវ សេចក្តីណែនាំនេះ ត្រូវចាត់វិធានការជាបន្ទាន់។
ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់៕



