អភិបាលខេត្តឧត្ដរមានជ័យ ណែនាំក្រុមការងារសម្របសម្រួលជនភៀសសឹក ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ចាត់ទុកការលំបាករបស់ជនភៀសសឹកជាទុក្ខលំបាករបស់យើងទាំងអស់គ្នា


(ឧត្តរមានជ័យ)៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានណែនាំដល់ក្រុមការងារសម្របសម្រួលមណ្ឌលសុវត្ថិភាពភៀសសឹក ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ចាត់ទុកការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក ជាទុក្ខលំបាករបស់យើងទាំងអស់គ្នា។

ការថ្លែងបែបនេះរបស់ឯកឧត្តម មាន ចាន់យ៉ាដា ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនក្រុមការងារសម្របសម្រួលមណ្ឌលសុវត្ថិភាពភៀសសឹក ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅមណ្ឌលសុវត្ថិភាពភៀសសឹក២ទីតាំង នៅខេត្តឧត្តរមានជ័យ។

នៅក្នុងឱកាសនេះឯកឧត្តម មាន ចាន់យ៉ាដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបានបំពេញភារកិច្ចមិនខ្លាចនឿយហត់ក្នុងការសម្របសម្រួល បម្រើសេវា ក្នុងការផ្តល់ជម្រកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះជាជនភៀសសឹក។

ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ក៏បានសង្កតធ្ងន់ថា៖ «ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ មិនថាផ្នែកស៊ីវិល ឬកងកម្លាំងឡើយ។ យើងត្រូវចាត់ទុកទុក្ខការលំបាករបស់ជនភៀសសឹក ជាទុក្ខលំបាករបស់យើងទាំងអស់គ្នា ហើយមានតែការសហការគ្នាយ៉ាងជិតស្និទ្ធប៉ុណ្ណោះ ទើបយើងអាចដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»

ឯកឧត្តម មាន ចាន់យ៉ាដា បានក៏ចុះពិនិត្យមើលស្ថានភាពទូទៅនៃការស្នាក់នៅ ការហូបចុក និងការរៀបចំសណ្តាប់ធ្នាប់ក្នុងមណ្ឌល ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋដែលភៀសខ្លួនពីហានិភ័យផ្សេងៗ ទទួលបាននូវការគាំពារប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅបំផុតផងដែរ៕