(ព្រះវិហារ)៖ ដើម្បីចូលរូមដោះស្រាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយសារបញ្ហាជម្លោះព្រំដែនថៃ-កម្ពុជា និងក្នុងស្មារតីជួយគ្នាក្នុងគ្រាលំបាក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំ នឹងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត និងសប្បុរសជន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន១,០០០គ្រួសារ ស្ថិតនៅមណ្ឌលសុវត្ថិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះ បងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត នៅក្នុងស្ថានភាព ដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង ដែលបង្ខំឲ្យបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយៈ ដើម្បីជម្លៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។
ទាំងនេះ បង្ហាញឲ្យឃើញពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវ ជួយអន្តរាគមន៍ ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ឲ្យទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់បងប្ហូនទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងត្រូវចេះគោរពស្រឡាញ់គ្នាក្នុងគ្រាលំបាកនេះ មានសាមគ្គីភាពល្អ ចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមរស់ជាមួយគ្នាបានសុខសុវត្ថិភាព ក្នុងទីតាំងមណ្ឌលសុវត្ថិភាពនេះ ជាពិសេស បងប្អូនត្រូវខិតខំថែទាំសុខភាពឲ្យបានល្អ តាមរយៈការអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង គឺហូបស្អាត ផឹកស្អាត នឹងរស់នៅស្អាត ដើម្បីបង្ការទប់ស្កាត់ ការពារការឆ្លង នៃជម្ងឺរាតត្បាតនានា ទាំងក្នុងរយៈពេល នៃការស្នាក់នៅ ព្រោះថា បើមានការធ្វេស ប្រហែស ដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូនផងដែរ។
ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹក ទាំងអស់ សូមមានជំនឿចិត្តលើការដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយបងប្អូនគ្រប់ កាលៈទេសៈ និងគ្រប់ដំណាក់កាល និងទឹកចិត្តដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពយើង ក្នុងបុព្វហេតុជាតិមាតុភូមិ និងការការពារបូរណភាពទឹកដី ពីចោរឈ្លានពានផងដែរ៕



















