ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានជំរុញដល់អតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមានបំណុលសូមពិចារណាប្រញាប់រកការងារក្នុងស្រុក ដើម្បីកសាងជីវភាពឱ្យកាន់តែល្អប្រសើរឡើង ខណៈដែលក្នុងស្រុកមានការងារយ៉ាងសម្បូរបែប អត្ថប្រយោជន៍ច្រើន ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។
ឯកឧត្តម ស៊ុន មេសា បានលើកឡើងថា៖ «សូមបងប្អូនអតីតពលករមកពីប្រទេសថៃទាំងអស់ដែលមានបំណុល ប្រញាប់រួសរាន់ស្វែងរកការងារធ្វើនៅក្នុងស្រុក ដើម្បីដោះស្រាយជីវភាពឱ្យប្រសើរឡើង។ បច្ចុប្បន្ននេះ ការងារក្នុងស្រុកយើងមានសម្បូរបែប អត្ថប្រយោជន៍ច្រើនយ៉ាង ប្រាក់ឈ្នួលក៏សមរម្យ ជាពិសេស យើងមានលក្ខខណ្ឌការងារកាន់តែល្អប្រសើរ»។
បើតាមឯកឧត្តម ស៊ុន មេសា បានបន្ដថា ការបំពេញការងារនៅក្នុងស្រុក គឺជាការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទាក់ទាញការវិនិយោគថ្មីៗ ព្រមទាំងមានភាពកក់ក្តៅបាននៅជិតក្រុមគ្រួសារ ផ្ទុយពីការចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដែលប្រឈមការរើសអើង គ្មានការផ្តល់តម្លៃ និងការធ្វើទុក្ខបុកម្នេញផ្សេងៗ ពីជនជ្រុលនិយមថៃ។ ហេតុនេះ អ្នកនាំពាក្យក្រសួងការងារជំរុញដល់បងប្អូនអតីតពលករទាំងអស់ធ្វើការងារក្នុងស្រុកដើម្បីសម្រួលជីវភាពឱ្យកាន់តែល្អប្រសើរ ប្រកបដោយមានសុវត្តិភាព។ បងប្អូនអតីតពលករ អាចស្វែងរកការងារក្នុងស្រុកដោយទំនាក់ទំនងលេខទូរសព្ទ ១២៩៧ ឬទំនាក់ទំនងអាជ្ញាធរ យុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធទាំងអស់។
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ពលករខ្មែរមកពីប្រទេសថៃមានជាង៩០ម៉ឺននាក់ ដើម្បីឆ្លើយតបតម្រូវការការងាររបស់ពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារចំនួន ៥៧៩លើករួចមកហើយ នៅតាមភូមិស្រុក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ក្នុងនោះ ពលរដ្ឋខ្មែរជាង ៥០ម៉ឺននាក់ទទួលបានការងារធ្វើតាមរយៈយន្តការក្រសួង និងវិស័យឯកជន៕









