ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើយន្តការ និងនីតិវិធីក្នុងការអនុវត្តសាកល្បង នៃការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល ៤ខែ នៅឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម បណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក គឹម មិនា នាយកប្រតិបត្តិ CTB, អគ្គនាយកជំនាញ និងមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ និងក្រសួងមហាផ្ទៃ សរុបប្រមាណ ២០ រូប។
តាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ ថ្ងៃ ក្នុងអំឡុងពេល ៤ ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំត្រូវបង់កម្រៃ ដោយគ្រាន់តែបំពេញ E-Arrival Card ប៉ុណ្ណោះ។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាបានច្រើនលើក។
ក្នុងន័យនេះ ក្រសួងទេសចរណ៍រំពឹងថា គម្រោងសាកល្បងខាងលើ នឹងជំរុញកំណើនភ្ញៀវទេសចរចិនបន្ថែមទៀត ដែលអាចជួយទ្រទ្រង់ដល់សន្ទុះសេដ្ឋកិច្ច ក្នុងរដូវកាលបៃតង (ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦) នាពេលខាងមុខ៕















