អភិបាលខេត្តឧត្តរមានជ័យ ចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកជាង ៥០០០គ្រួសារ ជាមួយនឹងការប្រាប់ប្រជាពលរដ្ឋឱ្យមានការជឿជាក់ ទុកចិត្ត លើកាដឹកនាំរបស់រាជរដ្ឋាភិបាល


ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នាំអំណោយជាស្បៀងអាហារ សម្ភារប្រើប្រាស់ ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន៥០៣៦គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព២ទីតាំង ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងពាំនាំនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងក្តីនឹករលឹកបំផុតពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនជនភៀសសឹកទាំងអស់គ្នា ដែលជានិច្ចកាល សម្ដេចតែងតែនៅក្បែរបងប្អូនគ្រប់ពេលវេលា ជាពិសេសក្នុងស្ថានភាពដែលបងប្អូនត្រូវចាកចេញពីលំនៅឋានដោយសារតែសង្រ្គាមឈ្លានរបស់ថៃមកលើកម្ពុជា។

ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ត្រូវមានទំនុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលមិនបោះបង់បងប្អូនណាម្នាក់ចោលឡើយ ហើយនឹងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីធានាបាននូវសុវត្ថិភាព សន្តិសុខ និងការផ្ដល់ជំនួយសង្គ្រោះបានទាន់ពេលវេលាបំផុត។

ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាព ដោយគោរពតាមគោលការណ៍អនាម័យ «៣ ស្អាត» រួមមាន៖ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ៕