ឯកឧត្តម ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលរបស់ក្រុមចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ និងជាប្រធានក្រុមចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចតេជោ និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិករាជធានី-ខេត្ត នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ និងសប្បុរសជនក្នុងស្រុកបរសេដ្ឋ នាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ជាច្រើនទៅប្រគល់ជូនលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង។
ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក និងសំណេះសំណាលឯកឧត្តម ទី ប៊ុនថេង និងក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងសប្បុរសជនក្នុងស្រុកបរសេដ្ឋ បានប្រគល់ជូនស្បៀងអារហារ និងសម្ភារប្រើប្រាសជាច្រើនរួមមាន៖ អង្ករ ៣៦ បេ, ទឹកត្រី ២៨យួរ, សៀង ១កោះ, ពងទាចំនួន ៣ ពាន់គ្រាប់, ត្រីងៀត ៧គីឡូ, ភេសជ្ជៈចំនួន ៥កេស, មីចំនួន ៧១កេស, ទឹកសុទ្ធចំនួន ១៦០កេស, ទឹកដោះគោចំនួន ២កេស, អំបុកចំនួន ១២យួរ ព្រមទាំងសម្ភារគ្រឿងឧបភោគបរិភោគផ្សេងៗជាច្រើន រួមទាំងថវិកាចំនួន ៤លានរៀល ដើម្បីសម្រាប់ទុកផ្គត់ផ្គង់ជូនវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់រងគ្រោះដែលត្រូវឈ្លានពានពីក្រុមយោធាសៀម ដែលបានបាញ់ប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តម ទី ប៊ុនថេង បានលើកឡើងថា ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោ និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹកដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នា ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់រងគ្រោះដែលត្រូវយោធាតុសៀមបាញ់ប្រហារមកលើកម្ពុជា។
ក្នុងឱកាសនោះផងដែរ លោកជំទាវ ឈី វ៉ាអភិបាល ខេត្តកោះកុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្តជាពិសេស ឯកឧត្តម ទី ប៊ុនថេង និងបងប្អូនសប្បុរសជនទាំងអស់ដែលបានជ្រោមជ្រែងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារ រួមទាំងថវិកា មកប្រគល់ជូនរដ្ឋបាលខេត្តកោះកុង ប្រៀបដូចជាថ្នាំប៉ូវកម្លាំងសម្រាប់លោកស្រីផ្ទាល់ដែលជាអភិបាលខេត្ត ព្រោះលោកស្រីពិតជាមានអារម្មណ៍ក្តុកក្តួលអាណិតបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដែលត្រូវមករងគ្រោះក្នុងការឈ្លានពានពីប្រទេសសៀម ហើយអ្នកដែលជម្លៀសទៅសុទ្ធតែជាមនុស្សចាស់ ស្ត្រី និងក្មេងៗ រួមទាំងស្ត្រីដែលគ្រប់ខែឆ្លងទន្លេអំឡុងភៀសខ្លួនជាងចំនួន១០នាក់ទៅហើយ។
ក្នុងស្មារតីគាំទ្រវីរកងទ័ពជួរមុខ ក៏សុំអរគុណដល់បងប្អូនទាំងអស់បង្ហាញនៅភាពជាធ្លង់មួយក្នុងនាមជាខ្មែរ ក្មុងការគាំទ្រកងកម្លាំងយើង ឱ្យមានកម្លាំងចិត្តក្នុងការការពារបូរណភាពទឹកដីមដើម្បីថែរក្សាសុខសន្តិភាពជាតិមាតុភូមិ លោកស្រីសូមប្រសិទ្ធិពរជ័យជូនដល់ បងប្អូនទាំងអស់ ឱ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ការងារ ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិរបស់យើង ក្រោមដំបូលសន្តិភាពជានិច្ចនិរន្តរ៍តរៀងទៅ៕























