ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើក «វេទិកាជំនួបផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។ ពិធីនេះមានការចូលរួមពីលោក Jiang Chao តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក លោកស្រី ជាថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន លោកអភិបាលរងរាជធានីភ្នំពេញ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) សមាគមពាណិជ្ជកម្មចិន និងកម្ពុជា ក្រុមហ៊ុនទេសចរណ៍ និងធុរជនកម្ពុជា-ចិន ព្រមទាំងភ្ញៀវកិត្តយសជាតិ និងអន្តរជាតិសរុបជាង៥០០នាក់។
ថ្លែងក្នុងឱកាសនេះ អ្នករៀបចំកម្មវិធិវេទិកាធុរកិច្ចចិន និងកម្ពុជា បានរាយការណ៍ជូនគណៈអធិបតីអំពី ការចូលរួមក្នុងជំនួបផ្គូផ្គងដែលមានអ្នកទិញ ជាង ៦៣ក្រុមហ៊ុនទេសចរណ៍ធំៗ ពីខេត្តក្រុង១៤ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាម ហើយអ្នកលក់ជាការីទេសចរណ៍កម្ពុជាធំៗ ជាង៧៥ក្រុមហ៊ុន ដែលមានចាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia និងសណ្ឋាគារម៉ាកអន្តរជាតិល្បីៗ ជាច្រើនជាមួយនឹងការរំពឹងទុកលើលទ្ធផលចុះកិច្ចសន្យាទិញកញ្ចប់ទស្សនកិច្ចចាប់ពី ៧៥%ឡើងទៅ។ ទន្ទឹមនេះ អ្នករៀបចំកម្មវិធី បានរៀបចំជូនអ្នកទិញនូវដំណើរទស្សនកិច្ចស្វែងយល់ពី សក្តានុពលទេសចរណ៍ទៅជាច្រើនគោលដៅទេសចរណ៍របស់កម្ពុជាដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប។ល។
ក្នុងឱកាសនោះ លោក ហួត ហៃ បានថ្លែងអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តភាពវិនិយោគរបស់រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយចំនួនប្រជាជនជាង២លាននាក់ ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសគឺវត្តមានដ៏ច្រើ នរបស់ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ជិត ១៦០០ក្រុមហ៊ុន ដែលបានចូលរួមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនារាជធានីភ្នំពេញជាង១១លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានជាង១,១លាននាក់ គិតត្រឹម១១ខែ ឆ្នាំ២០២៥ នេះ។
ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅនៃចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អ និងរឹងមាំរវាងកម្ពុជា និងចិន ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះការអញ្ជើញមករបស់ធុរជនចិនដែលពិតជាបានពិនិត្យមើលជាក់ស្តែងអំពីសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគកម្ពុជានាពេលនេះ ជាពិសេសប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុខសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងមានភាពទាក់ទាញ។
តាមរយៈស្ថិតិទេសចរណ៍រយៈពេល ១១ខែក្នុងឆ្នាំ២០២៥ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជិត ៥,២ (ប្រាំលានពីរសែន) នាក់ ដែលក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិន មានចំនួនច្រើនជាង ១,១ (មួយលានមួយសែន) នាក់ កើនឡើងជិត៤៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ដូចនេះ កម្ពុជា ត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា ជាពិសេសលើការផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិនដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងរដូវកាលបៃតងខាងមុខ។
តាមន័យនេះ ក្នុងរយៈពេល៤ខែខាងលើ ប្រជាជនចិនទាំងអស់ដែលកាន់លិខិតឆ្លងដែនសញ្ជាតិចិន ធ្វើដំណើរផ្ទាល់ពីប្រទេសចិន ឬ ពីប្រទេសដទៃផ្សេងទៀត អាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ពិសេសគឺការលើកលែងទិដ្ឋាការដល់ប្រជាជនចិននាឆ្នាំ២០២៦ ខាងមុខនេះ ឱ្យបានទូលំទូលាយ និងដល់ភ្ញៀវទេសចររបស់ក្រុមហ៊ុន ដើម្បីបង្កើនចំនួនភ្ញៀវទេសចិនមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕





















