តបតាមការអញ្ជើញរបស់ សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន (CSAJ) ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីជួបជុំបំណាច់ឆ្នាំដែលរៀបចំឡើងដោយសមាគម CSAJ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីបងប្អូនជនភៀសសឹក» នៅសាលប្រជុំរបស់ ASEAN-Japan Center ទីក្រុងតូក្យូ។
នាឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំសួរសុខទុក្ខដល់ក្មួយៗនិស្សិតខ្មែរ ពីសំណាក់ថ្នាក់ដឹកនាំរបស់កម្ពុជា គឺ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមឯកអគ្គរាជទូតបានផ្តល់នូវបច្ចុប្បន្នភាពអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការតាំងចិត្តឥតងាករ៉េរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈកិច្ចចរចា និងទទូចឱ្យភាគីថៃវិលមកគោរពនូវកិច្ចព្រមព្រៀបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ក្រោមការធ្វើជាសាក្សីរបស់ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ និង លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាតុ ស្រ៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ានប្តូរវេន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូតកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសេ្នហាជាតិ រួបរួមសាមគ្គីគ្នា និងការគាំទ្រដ៏ខ្លាំងក្លា របស់បងប្អូនសហគមន៍ខ្មែរ និងក្មួយៗនិស្សិតទាំងអស់នៅក្រៅប្រទេស ខណៈពេលដែលប្រទេសកម្ពុជាកំពុងរងការឈ្លានពានទាំងកំរោលដោយយោធារំលោកលើអធិបតេយ្យភាព បូរណភាពទឹកដី។ លោកឯកអគ្គរាជទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម CSAJ បង្កើតមូលនិធិរ៉ៃអង្គាសថវិកានេះឡើងដើម្បីយកទៅជួយដល់វីរៈកងទ័ពខ្មែរ ដែលកំពុងការពារបូរណភាពទឹកដីកម្ពុជាយ៉ាងអង់អាចក្លាហាន និងបងប្អូនជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជាងនេះទៀត លោកឯកអគ្គរាជទូត បានអរគុណចំពោះការចូលរួមយ៉ាងសកម្ម និងការរួមចំណែកដ៏ប្រពីរបស់សមាគម CSJA ក្នុងការសកម្មភាពនានាដែលរៀបចំឡើងដោយស្ថានទូតកម្ពុជានាពេលកន្លងមក។
ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត បានទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅជប៉ុន និងក្មួយៗនិស្សិតទាំងអស់ បន្តលើកកម្ពស់ស្មារតីស្នេហាជាតិ និងឯកភាពជាតិ និងបន្តគាំទ្រជំហររបស់រាជរដ្ឋាភិបាល ក្នងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ៕




