នៅទីលាន Trocadéro ក្នុងទីក្រុងប៉ារីស នៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ គឺជាការប្រមូលផ្តុំលើកទី២ ដ៏ សំខាន់របស់សហគមន៍ខ្មែរ នៅប្រទេសបារាំង បន្ទាប់ពីការជួបជុំលើកទី១ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដែលមានប្រជាពលរដ្ឋខ្មែរ-បារាំងជាច្រើនរយនាក់ អញ្ជើញមកពីតំបន់ Ile de France ហើយមួយចំនួនទៀតអញ្ជើញមកពី Lille, Lyon, Centre Val de Loire, Chambery, Toulouse និង Troyesនៅក្នុងចំណោមនោះក៏ឃើញមានវត្តមានរបស់លោក Tomas LAM ដែលជាសមាជិករដ្ឋសភាបារាំង និងជាប្រធានក្រុមមិត្តភាពកម្ពុជា-បារាំងផងដែរ។
ការប្រមូលផ្តុំលើកនេះ ថ្វីត្បិតតែបានធ្វើនៅក្រោមដំណក់ទឹកភ្លៀងដ៏ជោគជាំ និងអាកាសធាតុត្រជាក់ ប៉ុន្តែប្រជាពលរដ្ឋខ្មែរ-បារាំង ប្រមាណជិត ២ ៥០០នាក់ បានជួបជុំគ្នាប្រកប ដោយការប្តេជ្ញាចិត្តខ្ពស់ លើកកាន់ផ្ទាំងបដា និងរូបភាព ជាច្រើនពាន់សន្លឹក និងបន្លឺសំឡេងយ៉ាងខ្លាំងក្លា ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានយ៉ាងគឃ្លើនរបស់ ប្រទេសថៃមកលើកម្ពុជា អស់រយៈកាលជិតកន្លះឆ្នាំ កន្លងមកនេះ។
គោលបំណងចម្បងនៃការជួបជុំលើកនេះ ក៏មិនខុសពីការជួបជុំកាលពីប៉ុន្មានខែមុននោះដែរ គឺដើម្បីបង្ហាញនូវសាមគ្គីភាពខ្មែរជាធ្លុងមួយ ទាំងក្នុងនិងក្រៅប្រទេស បង្ហាញការគាំទ្រ ដល់កងទ័ពកម្ពុជានៅជួរមុខ និងបន្តអំពាវនាវយ៉ាងទទូច និងបន្ទាន់ទៅកាន់បណ្តាប្រទេសលើពិភពលោក និង អង្គការ អន្តរជាតិ នានា សហគមន៍អឺរ៉ុប រួមទាំងទាមទារអោយប្រទេសថៃ៖
*១៖ បញ្ឈប់ជាបន្ទាន់នូវការបាញ់ប្រហារ ទន្ទ្រាន និងរំលោភបំពានមកលើទឹកដីកម្ពុជាដែលបានសម្លាប់ ជិវិតប្រជាជនស៊ីវិលកម្ពុជា១៩នាក់ ដែលក្នុងនោះមានកុមារ១នាក់ និងរងរបួសធ្ងន់ ស្រាល ជាច្រើននាក់ ជនភៀសសឹករាប់សិបម៉ឺននាក់ រួមទាំងបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក និង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។
*២៖ ការដោះលែងជាបន្ទាន់ និង ដោយគ្មានលក្ខខណ្ឌ នូវ យោធិនខ្មែរទាំង ១៨នាក់ ដែលត្រូវបានថៃចាប់ឃុំខ្លួនដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពី បទឈប់បាញ់
*៣៖ គោរពកិច្ចព្រមព្រៀងសន្តិភាព រវាងភាគីទាំងពីរដែលបានចុះហត្ថលេខាក្រោមសក្ខីភាពរបស់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អានវ៉ា អ៉ូប្រាហ៊ីម កាលពីថ្ងៃទី២៦ ខែតុលា។
*៤៖ ដោះស្រាយជម្លោះដោយសន្តិវិធី និងយុត្តិធម៌
*៥៖ ទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេត្តិកភ័ណ្ឌពិភពលោក
*៦៖ ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលថៃបានឈ្លានពានកម្ពុជា។
*ក្រៅពីការទាមទារទាំងនេះ អ្នកចូលរួមក៏បានលើកឡើង នូវក្តីបារម្ភជាទូទៅផងដែរ។
ព្រឹត្តិការណ៍បានចាប់ផ្តើមដោយមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងកក់ក្តៅរបស់លោក សោម ស៊ុនស្រេង តំណាងសហគមន៍ខ្មែរ ចំពោះអ្នកចូលរួម ចាប់ពីម៉ោង ២:០០ រសៀល ជាមួយនឹងការប្រគំភ្លេងជាតិកម្ពុជា ដែលជានិមិត្តរូបនៃអធិបតេយ្យភាព និង បូរណភាពទឹកដី។ ប្រជាជន ខ្មែរ ក៏បានសង្រួម អារម្មណ៍ស្ងៀមស្ងាត់រយៈពេល ១នាទី ដើម្បីឧទ្ទិស ដល់បុព្វបុរស និង ទាហាន ដែលបានបូជាជីវិត សាច់ ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារទាហានពលី រួមទាំងប្រជាជនស៊ីវិល ស្លូតត្រង់ដែលបានបាត់បង់ជីវិតផងដែរ។
សកម្មភាពផ្សេងៗរបស់អ្នកចូលរួម រួមមាន៖ ការបកស្រាយចម្រៀងរួមគ្នា «ឱ ទង់ជាតិខ្មែរ» និង «ដែនដី ខ្មែរ» ការលើកបដាស្រែកបញ្ចេញមតិបង្ហាញពីការខឹងសម្បារ និងការទាមទារ ត្រូវបានបន្លឺឡើង ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរបុរសខ្មែរ គាំទ្រគ្រួសារជនរងគ្រោះ និងបញ្ជាក់ពីកាតព្វកិច្ចចូលរួមក្នុង កិច្ចការ ពារទឹក ដីកម្ពុជាជាទីស្រឡាញ់របស់ពួកគេ។
ពាក្យស្លោកដ៏រស់រវើកបានបន្លឺឡើងដូចជា៖
* ថៃត្រូវ គោរព កិច្ចព្រមព្រៀងសន្តិភាព!
*ថៃត្រូវដោះលែងទាហានទាំង១៨នាក់ ជាបន្ទាន់និង ដោយគ្មានលក្ខខណ្ឌ!
*ថៃត្រូវទទួលខុសត្រូវ!
*យើងថ្កោលទោសការឈ្លានពានរបស់ថៃ មកលើកម្ពុជា!
*យើងគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រើសិទ្ធិការពារខ្លួន និងដោះស្រាយបញ្ហាដោយសន្តិវិធី!
*ថៃ! យើងជួបគ្នានៅតុលាការយុត្តិធម៌អន្តរជាតិ! ជាដើម។
ការបញ្ចេញមតិរួមគ្នាទាំងនេះ បានបញ្ជាក់សាជាថ្មីម្តងទៀត នូវការឯកភាព សាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់អ្នកចូលរួម ទាំងអស់ ក្នុងការទាមទារយុត្តិធម៌ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានរបស់ថៃមកលើកម្ពុជា។
សហគមន៍ខ្មែរបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងចិន ចំពោះការបន្តសម្របសម្រួលដើម្បីឱ្យមានសន្តិភាពរវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណដល់ប្រទេសបារាំង និង អង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី ចំពោះការគាំទ្រផ្នែកការទូតរបស់ពួកគេ និងថ្លែងអំណរគុណ ដល់ ប្រជាពលរដ្ឋ ខ្មែរទាំងអស់ ទាំងនៅក្នុង និងក្រៅប្រទេស ដែលបានខិតខំតស៊ូបញ្ចេញមតិ និងស្វះស្វែង តាមលទ្ធភាព ក្នុងការទំនុកបំរុងប្រទេសជាតិ និងប្រជាជាតិខ្លួនក្នុងគ្រាមានការឈ្លានពាន។
ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋដែលរស់នៅក្រុង Metz និងតំបន់ជុំវិញ ប្រមាណជាង១០០នាក់ ក៏បានរៀបចំបាតុកម្មប្រឆាំងនឹងការឆ្លៀនពានរបស់ថៃ នៅថ្ងៃដដែលនេះផងដែរ។
ក្នុងគោលបំណងតែមួយនេះដែរ កាលពីថ្ងៃទី១៤ ខែធ្នូ ប្រជាពលរដ្ឋនៅក្រុង Lille ប្រមាណ៥០នាក់ ក៏បានប្រមូលផ្តុំគ្នាធ្វើការទាមទារប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសថៃ៕






















































