ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ និងភរិយា រួមជាមួយក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនពលរដ្ឋភៀសសឹកនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួនប្រមាណ ២៥៤គ្រួសារ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នាស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នេះជាការបំពេញកិច្ចការងារយ៉ាងសកម្ម ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ក្នុងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់បងប្អូន កូនក្មួយ លោកតា លោកយាយ ជាពលករចំណាកស្រុក និងគ្រួសារភៀសសឹកទាំងអស់ ដែលត្រូវបានចល័តមករកទីទួលមានសុវត្ថិភាពបណ្ដោះអាសន្ន គេចពីសត្រូវឈ្លានពានទឹកដី។
ឯកឧត្តមរដ្ឋមន្ត្រី បានគោរពសម្ដែងនូវគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចតេជោ, រួមជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី និងឥស្សរជនកំពូលរបស់ជាតិ ដែលតែងតែរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ដោយមិនទុកពលរដ្ឋណា, គ្រួសារណា ឬ យោធិនណាឱ្យនៅឯកោ នោះឡើយ, ព្រមទាំងប្តេជ្ញាការពារអធិបតេយ្យជាតិ, បូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិ, មាតុភូមិ និងប្រជាជនកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះវីរកងទ័ពគ្រប់ៗរូបដែលបានឈរជើងយ៉ាងរឹងមាំនៅតាមបន្ទាត់ព្រំដែន ប្រយុទ្ធតតាំងយ៉ាងស្វាហាប់ អង់អាចក្លាហាន និងតស៊ូមោះមុតប្រឆាំងនឹងសត្រូវឈ្លានពាន, ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ក្នុងបុព្វហេតុការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សុវត្ថិភាព ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា លោកបន្តថា នេះជាទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជន ដោយការខិតខំប្ដូរផ្ដាច់ លះបង់សាច់ស្រស់ ឈាមស្រស់ និងពលីជីវិត តស៊ូក្នុងសមរភូមិ និងគ្រប់កាលៈទេសៈ ការពារជាតិ មាតុភូមិ និងប្រជាជន ដែលនេះគឺគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ច។
សូមជម្រាបថា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា ដែលជាគ្រួសារភៀសសឹក ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃក្នុងនោះរួមមាន៖ អង្ករ សរុបចំនួន ៣តោន (ក្នុង១គ្រួសារ ១០គីឡូ), ទឹកក្រូច សរុបចំនួន ៣០០កេស (ក្នុង១គ្រួសារ ១កេស), ទឹកដោះគោ សរុបចំនួន ៣០០កេស (ក្នុង១គ្រួសារ ១កេស), ទឹកសុទ្ធ សរុបចំនួន ៥០០កេស (ក្នុង១គ្រួសារ ១កេស), មី សរុបចំនួន ៣០០កេស (ក្នុង១គ្រួសារ ១កេស), ទឹកត្រី សរុបចំនួន ៣០០យួរ (ក្នុង១គ្រួសារ ១យួរ), ទឹកស៊ីអ៊ីវ សរុបចំនួន ៣០០យួរ (ក្នុង១គ្រួសារ ១យួរ), សម្ភារៈសិក្សាចំនួន ៣០០ឈុត (ក្នុង១ គ្រួសារ ១ ឈុត), ឃីត (សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ)ចំនួន ៣០២ឃីត (ក្នុង១គ្រួសារ ១ឃីត), ឃីត (នំចម្រុះគ្រប់មុខ)ចំនួន ៣០០ឃីត (ក្នុង១គ្រួសារ ១ឃីត), គ្រឿងឧបភោគបរិភោគ ៥០០ កំប៉ុង (ក្នុង១ គ្រួសារ ១ កំប៉ុង) ព្រមទាំងថវិកា ៥ម៉ឺនរៀល ក្នុង ១ គ្រួសារ៕













