ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ កម្ពុជាបានបង្កើនការវិនិយោគយ៉ាងច្រើនលើវិស័យអប់រំ ហើយសិស្សទទួលបានសេវាអប់រំល្អប្រសើរនៅគ្រប់កម្រិត ក្នុងរយៈពេល ១០ឆ្នាំមកនេះ


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវេទិកាសាធារណៈស្តីពី ថវិកាអប់រំប្រចាំឆ្នាំ ២០២៥ និងផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពី រង្វាយតម្លៃលទ្ធផលសិក្សា របស់សិស្សកម្រិតបឋមសិក្សា នៅតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (SEA-PLM 2024) របស់កម្ពុជា។

ពិធីនេះក៏មានការចូលរួមពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការ អគ្គនាយក តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ តំណាងសាលាគរុកោសល្យនិងវិក្រឹតការ រាជធានី ខេត្ត គ្រឹះស្ថានសាធារណៈរដ្ឋបាលគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានកម្រិតនាយកដ្ឋាន ចូលរួមផ្ទាល់សរុបចំនួន ២០០នាក់ និងតាមរយៈអនឡាញចំនួន ប្រមាណ ២០០០នាក់។

វេទិកាថ្ងៃនេះគឺជាឆ្នាំទី២ និងជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយដែលផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ ដៃគូអភិវឌ្ឍន៍ បុគ្គលិកអប់រំ និងសាធារណជនបានជ្រាបអំពី វឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកំណែទម្រង់អប់រំដទៃទៀត ជាពិសេសការប្រើប្រាស់កញ្ចប់ថវិកាប្រចាំឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ការអនុវត្ត និងការសម្រេចបានសមិទ្ធផលអប់រំ ទាំងផ្នែកបរិមាណ ទាំងផ្នែកគុណវិស័យ ជាពិសេសលទ្ធផលសិក្សារបស់កម្ពុជា នៅក្នុងកម្មវិធីរង្វាយតម្លៃលទ្ធផលសិស្សថ្នាក់ទី ៥ កម្រិតតំបន់ ឆ្នាំ២០២៤(SEA-PLM 2024)។

នាឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកដ៏សំខាន់ជំរុញឱ្យកំណែទម្រង់វិស័យអប់រំសម្រេចបានជាសមិទ្ធផលជាច្រើនគួរជាទីមោទនៈក្នុងអំឡុងមួយទសវត្សរ៍មកនេះ ដោយបានរំលេចពីសមិទ្ធផលសំខាន់ៗ ដូចជា៖

(១) គណនេយ្យភាពហិរញ្ញវត្ថុ ត្រូវបានកែលម្អ តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ជួយដល់ការអនុវត្តថវិកា ការផលិតរបាយការណ៍ហិរញ្ញវត្ថុបានទាន់ពេលវេលា និងតាមដានការអនុវត្តថវិកាជាប្រចាំ

(២) ការផ្តល់មូលនិធិដំណើរការសាលារៀននៅទូទាំងប្រទេស (ឆ្នាំសិក្សា ២០២៤-២០២៥)។

(៣) កម្មវិធីអភិវឌ្ឍន៍សមត្ថភាពយុវជនជាច្រើន ដូចជាកម្មវិធីជជែកដេញដោល និងប្រកួតស្នាដៃយុវជន និងកម្មវិធីជាច្រើនទៀត

(៤) ការអប់រំកាយ និងកីឡា

(៥) ការផ្តល់អាហារូបករណ៍សិស្សក្រីក្រ

(៦) ការផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍

(៧) ការផ្តល់ថវិកាគាំទ្រសាលាមត្តេយ្យសិក្សាសហគមន៍តាមស្តង់ដា

(៨) ការលើកកម្ពស់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា

(៩) កំណែទម្រង់សាលារៀន

(១០) កំណែទម្រង់សាលាគរុកោសល្យ

(១១) ការអភិវឌ្ឍគ្រូបង្រៀន

(១២) កំណែទម្រង់កម្មវិធីសិក្សា

(១៣) កំណែទម្រង់ឧត្តមសិក្សា និងការលើកកម្ពស់ការអប់រំជំនាញបច្ចេកទេស វិជ្ជាជីវៈ បច្ចេកវិទ្យាឌីជីថល ការអប់រំស្ទែម សហគ្រិនភាព និងនវានុវត្តន៍។

ចំពោះរង្វាយតម្លៃថ្នាក់តំបន់ SEA-PLM ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការវិនិយោគយ៉ាងច្រើនលើសមាសធាតុរឹង និងទន់នៃការអប់រំ រាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធសាលារៀន រហូតដល់ការបណ្តុះបណ្តាលគ្រូ ការផ្តល់សៀវភៅសិក្សា និងការរិះរកវិធីសាស្រ្តបង្រៀនជំនាន់ថ្មី។ ជាលទ្ធផលការទទួលបានសេវាអប់រំ បានល្អប្រសើរនៅគ្រប់កម្រិតទាំងអស់តួយ៉ាង

(១) ការចុះឈ្មោះចូលរៀននៅក្នុងការអប់រំកុមារតូច ក្នុងចំណោមកុមារអាយុប្រាំឆ្នាំ បានកើនឡើងពី ១០% ដល់ ៧០%

(២) នៅកម្រិតបឋមសិក្សា អត្រាចុះឈ្មោះចូលរៀនបានឡើងដល់ ១២៥% នៅមធ្យមសិក្សាបឋមភូមិ ៧០%

(៣) នៅមធ្យមសិក្សាទុតិយភូមិ មានការកើនឡើងគួរឱ្យចាប់អារម្មណ៍ពី ២០% ដល់ ៤៥%

(៤) អត្រាបោះបង់ការសិក្សាក៏បានថយចុះមកត្រឹម ៦% នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាប្រមាណ ១៥%។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមដែរថា សព្វថ្ងៃនេះមានសិស្សជាង ៣៣ម៉ឺននាក់បានចុះឈ្មោះចូលរៀននៅមធ្យមសិក្សាទូទាំងប្រទេស។ ក្នុងចំណោមប្រទេសដែលបានចូលរួមក្នុងរង្វាយតម្លៃ SEA-PLM ទាំងពីរលើក ពិន្ទុផ្នែកអំណាន និងគណិតវិទ្យារបស់សិស្ស កម្ពុជានៅតែស្ថិតនៅកណ្តាល ក្នុងលំដាប់ទី៤ បន្ទាប់ពី វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា៕