ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួន នៅនាថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងតស៊ូប្រយុទ្ធប្រឆាំងការឈ្លានពានពីសំណាក់ប្រទេសថៃ ក្នុងសមរភូមិខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។
ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តនៅទីតាំងមួយកន្លែងក្នុងខេត្តបាត់ដំបង ដោយមានការចូលរួមពីតំណាងអភិបាលខេត្ត និងតំណាងវីរកងទ័ពកម្ពុជាតាមគោលដៅនីមួយៗ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងនូវការគោរពដឹងគុណ ជូនដល់យុទ្ធជនទាំងអស់របស់កម្ពុជា ដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងប្តូរផ្តាច់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាព តាមបណ្តោយព្រំដែន ប្រឆាំងនឹងអំពើឈ្លានពានដ៏ឃោរឃៅរបស់ប្រទេសថៃ មកលើកម្ពុជា។
ឯកឧត្តមបណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់វីរកងទ័ពទាំងអស់។
ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់បន្ថែមថា ការនាំយកអំណោយមកនេះ បញ្ជាក់ពីស្មារតីគាំទ្រ និងការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ និងឆ្លុះបញ្ចាំងពីសាមគ្គីភាពខ្មែរតែមួយ ដើម្បីយកជ័យជម្នះលើសត្រូវឈ្លានពាន និងនាំយកសុខសន្តិភាព ជូនដល់ប្រទេសជាតិនិងប្រជាពលរដ្ឋរបស់យើង។
ជាការឆ្លើយតប តំណាងវីរកងទ័ព ក៏បានថ្លែងអំណរគុណ ជូនដល់លោកបណ្ឌិត និងសមាជិកសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទាំងអស់ ដែលចុះមកជួយឧបត្ថម្ភគាំទ្រទាន់ពេលវេលា ដល់កម្លាំងជួរមុខដែលកំពុងជាប់ដៃប្រយុទ្ធជាមួយសត្រូវឈ្លានពាន ហើយប្តេជ្ញាថានឹងលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ជាទីស្នេហានៃយើងទាំងអស់គ្នា។
អំណោយ សម្រាប់ប្រគល់ជូនវីរកងទ័ពនាឱកាសនេះ រួមមាន៖ ឧបករណ៍ផ្ទុកអគ្គិសនី និងបន្ទះសូឡាសម្រាប់សាកថ្ម ៨០ ឈុត, ម៉ាសការពារផ្សែងពុល ១០០០ ឈុត (មានតម្រងបន្ថែមសម្រាប់ប្ដូរម៉ាសការពារផ្សែងពុល ១៦៨ ដុំ), អង្ករ ៦ តោន, ទឹកសុទ្ធ ៤០០ កេស, កញ្ចប់ (Kits) ចំនួន ២០០០ កញ្ចប់ ដែលក្នុង Kits នីមួយៗ មាន នំទាហាន ៥ កញ្ចប់, ត្រីខ ២ កំប៉ុង, មី ៥ កញ្ចប់, បាយក្ដាំង ២ កញ្ចប់, អំបុក ២ ដប, ពងទាប្រៃឆ្អិន ៣ គ្រាប់, គ្រាប់ចន្ទី ២00 ក្រាម, ទឹកដោះគោស្រស់ ២ ប្រអប់តូច, ទឹកដោះគោខាប់ ២ កំប៉ុង, បារី ៥ កញ្ចប់, កាហ្វេលាយស្រេច ៥ កញ្ចប់, ខ្ទឹមស ១ កញ្ចប់, ស្ករគ្រាប់ Vitamin C និងសូកូឡា ២ កញ្ចប់, ថ្នាំបំបាត់ការឈឺចាប់ ២ បន្ទះ, Berocca Vitamin C ១ដប និងថវិកា ៣០ លានរៀល។
គួរបញ្ជាក់ថា សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានយកអំណោយឧបត្ថម្ភជូនវីរកងទ័ពកម្ពុជា តាមបណ្តាខេត្តជាប់ព្រំដែនជាមួយថៃ ជាច្រើនលើករួចមកហើយ ចាប់តាំងពីមានភាពតានតឹងនៅព្រំដែន។ សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្តេជ្ញាបន្តគាំទ្រដល់វីរកងទ័ពជាបន្តបន្ទាប់ទៀត៕















