រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង អំពាវនាវឱ្យកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់មួយភ្លាមៗ និងជំរុញឱ្យមានការចរចា ដើម្បីសន្តិភាពប្រកបដោយភាពត្រឹមត្រូវ និងចីរភាព


(ភ្នំពេញ)៖ ឯកឧត្តម ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយអំពាវនាវឱ្យកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់មួយភ្លាមៗ ខណៈដែលជនភៀសសឹកមានប្រមាណ ១លាននាក់ហើយ។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យភាគីទាំងពីរ ចូលតុចរចា ដើម្បីទទួលបានសន្តិភាពមួយ ប្រកបដោយភាពត្រឹមត្រូវ និងចីរភាព។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្នុងសេចក្តីថ្លែងការណ៍ឯកឧត្តម ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង បានលើកឡើងថា «ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានបង្កឱ្យមានការជម្លៀសមនុស្សប្រមាណមួយលាននាក់រួចមកហើយ។ ខ្ញុំបានអំពាវនាវឱ្យសមភាគីកម្ពុជា និងថៃដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយភ្លាមៗ។ សន្តិភាពមួយប្រកបដោយភាពត្រឹមត្រូវ និងចីរភាព អាចទទួលបានតែតាមរយៈការចរចាប៉ុណ្ណោះ»