(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបន្តអញ្ជើញសំណេះសំណាល និងនាំអំណោយផ្តល់ជូនគ្រួសារភៀសសឹក និងគ្រួសារកងទ័ពចំនួន ៣១៩គ្រួសារ ក្នុងស្រុកកោះសូទិន។
ក្នុងពេលសំណេះសំណាលនោះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូនចំពោះគ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំងបង្ខំឲ្យបងប្អូន ត្រូវចាកចោលលំនៅដ្ឋានមួយរយៈ ដើម្បីជម្លៀសខ្លួនចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។
ទាំងនេះ បង្ហាញឲ្យឃើញ ពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ហើយត្រូវជួយអន្តរាគមន៍ ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋយើង ក៏ដូចជាវីរៈកងទ័ព និងគ្រួសារ ភៀសសឹកឲ្យទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកបងប្ហូនទាំងអស់គ្នា ត្រូវខិតខំថែទាំសុខភាពអោយបានល្អ តាមវិធានអនាម័យស្អាត៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងក្នងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំឲ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូនផងដែរ៕










