រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលសម្ភារៈចំនួន ៥០០កញ្ចប់ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គលេខាធិការដ្ឋាននៃក្រសួងសព័ត៌មាន សម្រាប់ចែកជូនជនភៀសសឹក


(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលសម្ភារៈចំនួន ៥០០កញ្ចប់ ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គលេខាធិការដ្ឋាន នៃក្រសួងសព័ត៌មាន សម្រាប់បន្តនាំទៅចែកជូនជនភៀសសឹក ដែលបានចាកចេញពីផ្ទះសម្បែងគេចចេញពីទម្ងន់គ្រាប់ផ្លោងរបស់ទាហានថៃ ក្នុងសកម្មភាពឈ្លានពានរបស់ពួកគេ បាញ់ស្រោចចូលភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរ។

អំណោយនេះត្រូវបានលោកស្រី ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងព័ត៌មាន បានដឹកនាំមន្ត្រីក្រោមឱវាទរៀបចំសម្ភារៈទាំង៥០០កញ្ចប់ ដោយក្នុង១កញ្ចប់ មានចំនួន ៨មុខ បន្ថែមនូវម៉ាស់១កញ្ចប់ផងដែរ។

ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ។

សង្គ្រាមព្រំដែនកម្ពុជា-ថៃ កើតចេញពីការឈ្លានពានរបស់កងទ័ព បានឈានចូលដល់ថ្ងៃទី១៧ ហើយ គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ សង្គ្រាមកើតពីការឈ្លានពាននេះបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ជាជនស៊ីវិល ២១នាក់ ស្លាប់បាត់បង់ជីវិត, ជាង ៨០នាក់រងរបួស និងជាង ៦០ម៉ឺននាក់ បានចាកចោលផ្ទះសម្បែង។ សង្គ្រាមនេះ ក៏បានបំផ្លាញផ្ទះសម្បែង សាលារៀន អគារពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ជាច្រើនរបស់កម្ពុជា។

រហូតដល់ថ្ងៃទី២៤ ខែធ្នូ កងទ័ពថៃ នៅតែបន្តបើកការឈ្លានមកលើអធិប តេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងខ្លាំងក្លា ដោយប្រើយុទ្ធោបករណ៍ ជាច្រើនប្រភេទមានកាំភ្លើងតូចធំ ដ្រូន យន្តហោះ នាវាជើងទឹកជាដើម បាញ់ផ្លោង និងទម្លាក់គ្រាប់លើដែនដីរបស់កម្ពុជា៕