អភិបាលខេត្តពោធិ៍សាត់ ចែកអំណោយ ជូនពលរដ្ឋជនភៀសសឹក ដែលអញ្ជើញមកពីបណ្តាខេត្តជាប់ព្រំដែន កំពុងស្នាក់នៅបណ្តោះអាសន្ន នៅក្នុងស្រុកបាកាន


(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ រួមទាំងសប្បុរសជន មកចែកជូនដល់បងប្អូនពលរដ្ឋភៀសសឹក ដែលអញ្ជើញមកពីបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ កំពុងស្នាក់នៅបណ្តោះអាសន្ន នៅក្នុងស្រុកបាកាន ប្រមាណជាង១ពាន់គ្រួសារ។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ខូយ រីដា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែមានការខ្វល់ខ្វាយ បារម្ភអំពីសុខទុក្ខបងប្អូនពលរដ្ឋភៀសសឹក និងពលរដ្ឋរងប៉ះពាល់ដោយសារសង្គ្រាមថៃឈ្លានពាន យើងគ្រប់ពេលវេលា។

ឯកឧត្តមបន្តថា យោធាថៃបានព្យាយាមរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជា ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិតជាមិនបានសម្រាកទេ ជាពិសេសសម្តេចតេជោ និងសម្ដេចបវរធិបតី ដែលកំពុងធ្វើកិច្ចការងារការទូត ព្រមទាំងដឹកនាំបញ្ជា និងតាមដានសភាពការណ៍ដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការការពារជាតិមាតុភូមិកម្ពុជា។

លើសពីនេះទៀត ឯកឧត្តម ខូយ រីដា បានគោរពថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ រួមជាមួយសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ នូវធនធាន និងសម្ភារ ដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់បន្តចែកចាយជូនដល់វីរកងទ័ពជួរមុខ បងប្អូនពលរដ្ឋភៀសសឹក និងពលរដ្ឋរងប៉ះពាល់ នៅក្នុងរយៈពេលនៃសង្គ្រាមនេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា នេះជាស្មារតីសាមគ្គីភាព ស្នេហាជាតិ ខ្មែរជួយខ្មែរ មិនបោះបង់ខ្មែរ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ប្រជាជនកម្ពុជាទូទាំងប្រទេសរួមជាមួយភាពអង់អាចក្លាហានរបស់វីរកងទ័ពជួរមុខយើង ដែលបានបញ្ចូលគ្នាជាធ្លុងមួយ គឺពិតជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាល ជាអាវុធដ៏ស័ក្ដិសិទ្ធិបំផុត ក្នុងការកម្ចាត់សត្រូវឈ្លានពានឱ្យអន្តរាយ។

ឯកឧត្តម ខូយ រីដា បានជំរុញដល់មន្ទីរជំនាញ រួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យសម្រួលដី ជួយជាគ្រាប់ពូជ និងផ្តល់ការបណ្តុះបណ្តាល ដល់ពលរដ្ឋភៀសសឹក ឱ្យពួកគាត់មានលទ្ធភាពដាំដុះដំណាំ និងបន្លែបង្ការផ្សេងៗ ដូចជា ត្រកួន ផ្ទី និងស្ពៃ ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃ៕