រដ្ឋមន្រ្តី ឈាង រ៉ា៖ សុខាភិបាល គឺនៅជាមួយវីរកងទ័ព ជនភៀសសឹក និងប្រជាពលរដ្ឋទាំងអស់ គ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ដោយមិនទុកនរណាម្នាក់ចោល មិនទទួលបានការថែទាំសុខភាពនោះឡើយ


(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសូងសុខាភិបាល បានថ្លែងថា សុខាភិបាល គឺនៅជាមួយវីរកងទ័ព ជនភៀសសឹក និងប្រជាពលរដ្ឋទាំងអស់ គ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ដោយមិនទុកនរណាម្នាក់ចោល មិនទទួលបានការថែទាំសុខភាពនោះឡើយ។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ត្រាចារ្យ ក្នុងឳកាសអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសចុះសួរសុខទុក្ខវីរកងទ័ព ឯកឧត្តមសាស្ត្រាចារ្យបាននាំយកនូវពាក្យផ្តាំផ្ញើ សួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត សូមជូនពរដល់បងប្អូនវីរកងទាំងអស់ សូមឆាប់ជាសះស្បើយ មានសុខភាពប្រសើរឡើង ដើម្បីឆាប់បានវិលត្រឡប់ជួបជុំគ្រួសារ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារជាតិមាតុភូមិ។

ឆ្លៀតក្នុងឳកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជាមួយក្រុមគ្រូពេទ្យពហុជំនាញ ឯកទេស ដើម្បីពិនិត្យពីវឌ្ឍនភាព និងតាមដានស្ថានភាពជំងឺឱ្យកាន់តែឆាប់បានជាសះស្បើយ និងឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

ក្នុងឱកាសប្រជុំពិភាក្សានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការអរគុណ និងកោតសរសើរនូវការខិតខំ ការលះបង់កម្លាំងកាយចិត្ត ក្នុងការពិនិត្យព្យាបាលវីរកងទ័ពរបស់យើង នៅគ្រប់កាលៈទេសៈដោយមិនមានការរាថយ ទាំងនៅសមរភូមិមុខនៅតាមព្រំដែន ហើយអ្នកជួរក្រោយបញ្ជូនកម្លាំងជួយសហការគាំទ្រ ដល់ក្រុមគ្រូពេទ្យជួរមុខ។ នេះជាវីរៈភាពដ៏អង់អាចរបស់ក្រុមគ្រូពេទ្យរបស់យើង ដែលតែងតែនៅជាមួយវីរកងទ័ព និងប្រជាពលរដ្ឋគ្រប់សភាពការណ៍ ដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ ត្រូវបានទុកចោល ដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ»៕