លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋ សូមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដោយលោកទាំង២ កំពុងខិតខំដោះស្រាយដោយសន្តិវិធី


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលលោកទាំង២ កំពុងខិតខំដោះស្រាយដោយសន្តិវិធី។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសលោកជំទាវបណ្ឌិតអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយ ជូនប្រជាជនភៀសសឹក ដោយសារការឈ្លានពានរបស់កងទ័ពថៃ នៅកោះពេជ្រ នព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា «សូមលោកតា លោកយាយ ប្រជាពលរដ្ឋទាំងអស់រួបរួមគ្នាជាធ្លុងមួយ បន្តជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ព្រោះថាលោកទាំងពីរបាននឹងកំពុងខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីបិទបញ្ចប់សង្គ្រាមតាមនីតិវិធីសន្តិភាព ដោយមិនចង់ឲ្យមានការបន្តសង្គ្រាម ដែលធ្វើឲ្យបាត់បង់អាយុជីវិតកងទ័ព ប្រជារាស្ត្រស្លូតត្រង់ និងមានជនភៀសសឹកបន្ថែមទៀតឡើយ»

លោកជំទាវបណ្ឌិតបានថ្លែងបន្តថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងណាស់ដើម្បីបញ្ចប់សង្គ្រាមដោយសន្តិវិធី ដែលបង្កឡើងដោយប្រទេសថៃ ដោយរកលេសគ្រប់បែបយ៉ាងដើម្បីបង្កើតសង្គ្រាមជាមួយយើងម្តងជាពីរដង ធ្វើឲ្យបាត់បង់អាយុជីវិតកងទ័ព និងជនស៊ីវិល ព្រមទាំងមានប្រជាពលរដ្ឋជាងកន្លះលាននាក់ត្រូវរត់ភៀសសឹក ចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលនេះជាការឈឺចាប់របស់រដ្ឋាភិបាល ជាពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលលោកទាំងទ្វេបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការកសាងប្រទេសជាតិយើងនេះតាំងពីបាតដៃទទេ រហូតមានការរីកចម្រើនដល់សព្វថ្ងៃ ដែលនេះគឺជាការឈឺចាប់បំផុតឥតគណនាបាន។ «ដូច្នេះស្ថិតក្នុងពេលវេលាដ៏លំបាកនេះ យើងត្រូវតែផ្តល់ការជឿទុកចិត្តលើរាជរដ្ឋាភិបាល ដើម្បីបង្ហាញនូវកម្លាំងសាមគ្គីជាតិដ៏រឹងមាំដែលគ្មានប្រទេសណាអាចបំផ្លាញបាននោះឡើយ»

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់បន្ថែមទៀតជូនដល់លោកតាលោកយាយ អ៊ំពូមីងជាជនភៀសសឹកក្នុងការសម្រួលការលំបាកនានាជូនពួកគាត់ និងសូមអំពាវនាវដល់ប្រជាជនយើងដទៃទៀត បន្តជួយចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកបន្ថែមទៀត ពីព្រោះយើងមិនដឹកថាសង្គ្រាមឈា្លនពានដោយចោរសៀមនេះបន្តអូសបន្លាយដល់ពេលនោះណាទេ ដូច្នេះយើងត្រូវត្រៀមទុកជាមុនទាំងថវិកា ស្បៀងអាហារ និងសម្ភារៈផ្សេងៗជាដើម៕

ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត សូមបួងសួងឱ្យទេវតាឆ្នាំថ្មី ជួយឱ្យប្រទេសកម្ពុជាមានសន្តិភាព ប្រជាពលរដ្ឋខ្ញុំមានសន្ដិភាព កងទ័ពខ្ញុំគឺមានសុខសុវត្ថិភាពត្រលប់ទៅជួបជុំក្រុមគ្រួសារវិញ និងបងប្អូនប្រជាពលរដ្ឋ ជនភៀសសឹក អាចត្រឡប់ទៅផ្ទះសម្បែងរស់នៅដោយសុខសប្បាយ៕